កៀកឆ្លងឆ្នាំថ្មី! វណ្ណដា ជ្រះថ្លាជាមួយព្រះធម៌ ចូលបច្ច័យ ៥ ០០០ ដុល្លារកសាងកុដិនៅតាកែវ
ជាការពិតណាស់ កន្លងមកមហាជននិយមតាមដានជីវិតឯកជនរបស់តារាចម្រៀងរ៉េប វណ្ណដា ច្បាស់ជាបានជ្រាបហើយថា ក្រៅពីការធ្វើបុណ្យជាមួយឪពុកម្តាយ លោកក៏តែងតែចែករំលែកនូវទឹកចិត្តសប្បុរសធម៌ជួយដល់អ្នកខ្វះខាតដូចគ្នា។
ម្យ៉ាងវិញទៀតនោះ លោក វណ្ណដា ក៏រមែងភ្ជាប់និស្ស័យនឹងព្រះពុទ្ធសាសនា តាមរយៈការចូលបច្ច័យដល់វត្តមួយចំនួនកន្លងមកដែរ។ ជាក់ស្តែងថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រ តារាចម្រៀងរ៉េប វណ្ណដា បានផ្ទុះការចាប់អារម្មណ៍ និង សរសើរដល់លោក វណ្ណដា ជាថ្មីម្តងទៀតហើយ ក្នុងការធ្វើបុណ្យចូលបច្ច័យកសាងកុដិក្នុងវត្តមួយនាខេត្តតាកែវ។
បើតាមគណនីហ្វេសប៊ុកឈ្មោះ Keang Kunthakpidor បានឱ្យដឹងថា លោក វណ្ណដា បានចូលបច្ច័យកសាងវត្ត ធម្មចក្រពុទ្ធារាម នៅក្នុងខេត្តតាកែវ ចំនួន ៥០០០$ ដោយព្រះសង្ឃ ៧៤ អង្គខ្វះទីសេនាសនៈ។ ក្នុងនោះ ក្រោយពីបានឃើញនូវចិត្តល្អ ស្រស់ថ្លារបស់តារាចម្រៀងរ៉េបវ័យក្មេងរូបនេះហើយ មហាជនក៏បានសរសើរពីទឹកចិត្តជ្រះថ្លារបស់លោកជាហូរហែផងដែរ៕