មានន័យ! ម្ចាស់ពាន MasterChef Cambodia រដូវកាលទី ៣ បង្ហាញឥរិយាបថមួយ កាន់តែធ្វើឱ្យអ្នកខេត្តបន្ទាយមានជ័យពេញចិត្តខ្លាំង
បើគិតមកដល់ពេលនេះ ប្រមាណជាជាង ១ ខែមកហើយ ដែលលោក ឃួន សំអន បានក្លាយជាម្ចាស់ពានកម្មវិធីប្រកួតចម្អិនម្ហូប MasterChef Cambodia រដូវកាលទី ៣ ក្រោយការយកឈ្នះបេក្ខជនជាច្រើនរូប និង ប្រកួតអស់ជាច្រើនខែ។
ក្រោយពីក្លាយជាម្ចាស់ពានរង្វាន់ MasterChef Cambodia រដូវកាលទី ៣ នេះ ក្រឡេកមើលហ្វេសប៊ុករបស់លោក ឃួន សំអន ក៏ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ពីសកម្មភាពការងារ និង ការរស់នៅប្រចាំថ្ងៃរបស់លោកផងដែរ ដោយលោក ឃួន សំអន រមែងបង្ហាញការចម្អិនម្ហូបជារឿយៗជូនដល់អ្នកគាំទ្រ។
ដោយឡែក ក្រោយក្លាយជាម្ចាស់ពានជាង ១ ខែ ហើយនោះ ស្រាប់តែថ្មីៗនេះ លោក ឃួន សំអន បានបង្ហោះសារយ៉ាងមានន័យ និង មោទកភាពសម្រាប់អ្នកខេត្តបន្ទាយមានជ័យជាថ្មី ដោយលោកលើកឡើងថា ពានរង្វាន់ MasterChef Cambodia រដូវកាលទី ៣ នេះ មិនមែនសម្រាប់តែលោកម្នាក់ទេ គឺសម្រាប់ខេត្តទាំងមូល។
សារដ៏មានអត្ថន័យនោះ លោក ឃួន សំអន រៀបរាប់ថា៖ «ពាននេះមិនមែនគ្រាន់តែជារបស់ខ្ញុំតែម្នាក់ទេ! ចូលដល់វគ្គកំពូល ៣ នាក់ចុងក្រោយ ខ្ញុំជាប់ឈ្មោះជាបេក្ខជនតំណាងឱ្យខេត្ត «បន្ទាយមានជ័យ» ទាំងមូលបាត់ទៅហើយ។ ដូច្នេះ តាមរយៈនៃការដណ្តើមពាននេះបានមក ខ្ញុំសុំបង្ហាញពីសក្តានុពលរបស់ ខេត្តបន្ទាយមានជ័យ ទៅលើម្ហូបអាហាររបស់ខ្មែរ ជាពិសេសនោះគឺ មុខម្ហូបប្លែកៗ តាមតំបន់ ឬគ្រួសារ ដែលសុទ្ធសឹងតែជារូបមន្តម្ហូបដ៏ឆ្ងុយឆ្ងាញ់។
ម្យ៉ាងវិញទៀត ខ្ញុំជឿថា នៅក្នុងខេត្តបន្ទាយមានជ័យសម្បូរទៅដោយធនធាន ដែលមានទេពកោសល្យទៅលើម្ហូបអាហារជាច្រើនរូប! ដែលយុវជនខ្លះបានបង្ហាញសមត្ថភាពរបស់ខ្លួនរួចហើយ តាមរយៈការផលិតមាតិកាធ្វើម្ហូបប្លែកៗ តែបេក្ខជនខ្លះបង្ហាញតាមរយៈការចងក្រងជាសៀវភៅ ឬក៏ចូលរួមប្រកួតផ្នែកម្ហូបអាហារផ្សេងៗ!»៕