ស្ងាត់ៗ! លេចវត្តមានតារាភាពយន្ត TVB ល្បីមួយរូបមកកម្ពុជា ចូលជួបសម្តែងការគួរសមនៅក្រសួងព័ត៌មាន
នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP បានជូនដំណឹងឱ្យបានដឹងថា ឯកឧត្ដម សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យលោក Lee Kwok Lun ដែលជាតារាភាពយន្តជើងចាស់ចិនហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន និង សហការីរបស់លោក ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារទៅលើវិស័យព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
បើតាមការឱ្យដឹងពី ទទក លោក Lee Kwok lun បានគូសបញ្ជាក់ថា ការមកជួបថ្នាក់ដឹកនាំក្រសួងព័ត៌មាននាឱកាសនេះ គឺមានគោលបំណងដើម្បីពិភាក្សាការងារអំពីឱកាសវិនិយោគលើវិស័យព័ត៌មាន និង ការផ្សព្វផ្សាយនៅកម្ពុជា ស្របតាមកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន។ ក្រៅពីកិច្ចសហការលើវិស័យព័ត៌មាន គឺមានវិស័យជាច្រើនដែលអ្នកវិនិយោគចិនកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា ហើយតាមរយៈការយល់ដឹងលើការផ្សព្វផ្សាយបាន និង កំពុងតែមានសក្តានុពល និង ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅកម្ពុជា តាមរយៈការបង្កើតមាតិកាព័ត៌មាននៅលើបណ្តាញសង្គម និង បណ្តាញផ្សព្វផ្សាយឯកជនជាដើម។
លោក Lee Kwok Lun បានបញ្ជាក់ដែរថា លោកនឹងនាំយកការវិនិយោគពីហុងកុងលើវិស័យព័ត៌មានមកកម្ពុជា ព្រមទាំងធ្វើការផ្សព្វផ្សាយពីវប្បធម៌ ពាណិជ្ជកម្ម និង ភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕
ប្រភព ៖ ទទក