បានជួបប្ដីល្អមិនខ្លាចនឹងបង្ហាញ! ងិន ម៉ារ៉ាឌី អរគុណស្វាមីពេញទី ដែលចាត់ទុកនាង និង កូនដូចម្ចាស់ក្សត្រី
គិតមកដល់ពេលនេះ រយៈពេលជាង ១ ឆ្នាំមកហើយ ដែលបវរកញ្ញាដ៏មានប្រជាប្រិយភាព ងិន ម៉ារ៉ាឌី ទទួលបានទាយាទដំបូងជាកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់នៃចំណងដៃអាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែមរបស់នាង និង ស្វាមី។
យ៉ាងណាមិញ ក្រោយពីក្លាយជាអ្នកម៉ាក់គេជាច្រើនខែកន្លងមកនេះ ឃើញថាបវរកញ្ញា ងិន ម៉ារ៉ាឌី ក៏បានវិលត្រឡប់បង្ហាញខ្លួនក្នុងវិស័យបវរកញ្ញាជាថ្មី និង ត្រូវបានមហាជនសរសើរខ្លាំងពីរូបសម្រស់របស់នាង ដោយពូកែថែសម្រស់ខ្លាំង ទាំងមុខមាត់ រូបរាងនៅតូចច្រឡឹងស្អាតដដែល។
បើក្រឡេកមើលជីវិតប្ដីប្រពន្ធរបស់បវរកញ្ញារូបនេះវិញ កំពុងទទួលបានក្ដីសុខសុភមង្គលយ៉ាងពេញលេញ និង មានភាពកក់ក្ដៅខ្លាំង ដែលឃើញថា ងិន ម៉ារ៉ាឌី មានស្វាមីពូកែយល់ចិត្ត គោរពស្រឡាញ់ មើលថែយកចិត្តទុកដាក់ខ្លាំងចំពោះនាង ទោះបីជាពេលខ្លះអ្នកទាំងពីរនៅឆ្ងាយពីគ្នាក៏ដោយ។
ជាក់ស្ដែង ថ្មីៗនេះ ក៏បានឃើញបវរកញ្ញា ងិន ម៉ារ៉ាឌី បង្ហោះសាររៀបរាប់លើកសរសើរ និង បង្ហាញនូវក្ដីស្រឡាញ់អរគុណដល់ស្វាមីជាទីស្រឡាញ់ ដែលបានបំពេញតួនាទីជាស្វាមីដ៏ល្អ ស្រឡាញ់មើលនាង និង កូនស្រី ប្រៀបដូចទៅនឹងម្ចាស់ក្សត្រីក្នុងជីវិត។
ក្នុងនោះ អ្នកនាង ងិន ម៉ារ៉ាឌី បានរៀបរាប់ថា ៖ «កូន ឡូរេន ទេវី បានអាយុ ១ ឆ្នាំហើយ ពេលវេលាពិតជាដើរលឿនមែនទែន អរគុណលោកប្តីផងដែរ ដែលបំពេញតួនាទីយ៉ាងពេញលេញសម្រាប់គ្រួសារតូចនេះ ដើម្បីឱ្យអូន និង កូនក្លាយទៅជាម្ចាស់ក្សត្រីសម្រាប់ជីវិត»៕