ក្រោយចេញបទចម្រៀងថ្មីៗ អ្នកគាំទ្រស្រាប់តែនិយាយពីភាពល្បីល្បាញរបស់ឧកញ៉ា ព្រាប សុវត្ថិ ថាមិនដូចមុន
ឧកញ៉ា ព្រាប សុវត្ថិ ត្រូវបានមហាជនអ្នកគាំទ្រចាត់ទុកជាតារាចម្រៀងកំពូលម្នាក់ផ្នែកបុរសក្នុងប្រទេសកម្ពុជា ដោយលោកបានឈរជើងក្នុងឧស្សាហកម្មចម្រៀងនេះប្រមាណជិត ៣០ ឆ្នាំទៅហើយ ជាមួយកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយមហាជនក៏បានដឹងដែរថាលោកល្បីដំបូងតាំងពីឈរជើងនៅទ្រនំផលិតកម្មរស្មីហង្សមាស តែយ៉ាងណាបច្ចុប្បន្នតារាចម្រៀងដ៏កំពូលប្រចាំប្រទេសកម្ពុជារូបនេះ បានចាកចេញពីទ្រនំចាស់ និង បានហក់ចូលក្នុងទ្រនំថ្មី ហ្គាឡាក់ស៊ីណាវ៉ាត់ត្រា បើគិតមកដល់ពេលនេះមានរយៈពេលប្រមាណជា ៤ ឆ្នាំមកហើយ។
ត្រឡប់ក្រោយបន្តិច ក្នុងអំឡុងឆ្នាំ ១៩៩៧-៩៨ មហាជននៅតែចងចាំមិនភ្លេចខណៈពេលស្ថិតនៅទ្រនំចាស់ ឧកញ៉ា ព្រាប សុវត្ថិ ឆក់បានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង ដោយមានបទចម្រៀងជាច្រើនត្រូវចិត្តអ្នកគាំទ្រ មិនថាទាំងស្ទីលច្រៀង ទឹកដមសំឡេងនោះទេ គឺលេខមួយក្នុងចិត្តអ្នកគាំទ្រ។ ឆ្នាំក្រោយៗមកទៀត ឧកញ៉ា ព្រាប សុវត្ថិ ក៏នៅតែឈរលំដាប់លើតារាចម្រៀងប្រុសដទៃទៀត ជាមួយការចេញបទចម្រៀងល្បីៗជាច្រើន រហូតបទចម្រៀងរបស់លោកកាន់តែសុសសាយពេញប្រទេស និង មានអ្នកគាំទ្រយកច្រៀងតាម ក្នុងនោះសូម្បីតែស្ទីលស្លៀកពាក់ និង ម៉ូដសក់ ក៏មានអ្នកគាំទ្រមិនតិចទេធ្វើតាម។
យ៉ាងណាមិញ ងាកមកកាន់បច្ចុប្បន្នវិញ ដោយសារមានភាពចាស់ទុំលើវិថីសិល្បៈច្រើនឆ្នាំ ឧកញ៉ា ព្រាប សុវត្ថិ ដែលជាតារាចម្រៀងដ៏មានឥទ្ធិពលម្នាក់ក្នុងឧស្សាហកម្មចម្រៀងខ្មែរនេះ នៅតែអាចក្តោបបានប្រជាប្រិយភាពពីមហាជន ទៅសមត្ថភាព និង ទេពកោសល្យម្រៀងរបស់លោក ប៉ុន្តែនៅមួយរយៈចុងក្រោយនេះមហាជនបានចាប់អារម្មណ៍ឃើញឧកញ៉ា ព្រាប សុវត្ថិ ហាក់មិនដូចមុនឡើយ ដោយប្រជាប្រិយភាពហាក់ថមថយខ្លះទៅវិញ បន្ទាប់ពីអ្នកគាំទ្រមួយចំនួនបានសម្លឹងឃើញលោកចេញបទចម្រៀងខុសស្ទីលពីមុនៗ រហូតមានការលើកឡើងថាបទចម្រៀងរបស់ឧកញ៉ាមិនលេចធ្លោ និង ល្បីល្បាញដូចបទមុនៗឡើយ។
ឈរលើការមើលឃើញនេះ មហាជនអ្នកគាំទ្រមួយចំនួនបានទទូចសុំឱ្យឧកញ៉ា ព្រាប សុវត្ថិ ពីមុនត្រឡប់មកវិញ ជាមួយការងាកទៅរកស្ទីលច្រៀងពីមុនៗមកវិញខ្លះ។ ទោះជាយ៉ាងណាក្ដី ក៏នៅតែមានអ្នកគាំទ្របានបង្ហាញការគាំទ្រដល់ឧកញ៉ា ព្រាប សុវត្ថិ និង បានលើកឡើងថា លោកបានខិតខំរកអ្វីដែលថ្មីឱ្យទាន់សម័យកាលសម្រាប់កំដរអារម្មណ៍មហាជនប៉ុណ្ណោះ ដែលក្នុងនាមជាតារាចម្រៀងគឺត្រូវតែមានអ្វីថ្មីជានិច្ចនោះ៕