(វីដេអូ) កាន់តែក្ដៅ! Thida Kol ចេញមុខសុំទោស វណ្ណថាន ជាសាធារណៈពាក់ព័ន្ធការចោទប្រកាន់រឿងចម្លងជំងឺ
ជុំវិញរឿងរ៉ាវដែលនារីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Thida Kol បានបង្ហោះសារទម្លាយពីតារាចម្រៀងជួរមុខក្នុងប្រទេសម្នាក់មានជំងឺដើរចម្លងគេតាមរយៈការរួមមេត្រីនោះ មកទល់ពេលនេះ នៅមិនទាន់ចប់ស្ងប់ស្ងាត់នៅឡើយ ដោយនៅតែធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមបន្តការវែកញែកនៅឡើយ។
ពិតណាស់ រឿងនេះដែរផ្ទុះឡើងក្រោយពីគណនីហ្វេសប៊ុកឈ្មោះ Thida Kol ដែលបានបង្ហោះសាររៀបរាប់ផ្ដាំទៅតារាចម្រៀងជួរមុខម្នាក់នោះ ដោយពុំបានបញ្ជាក់ឈ្មោះ និង បង្ហាញមុខច្បាស់ៗឡើយ ដោយគ្រាន់តែឃើញភ្ជាប់ជាមួយនឹងរូបភាព Chat ជាបន្តបន្ទាប់ ដោយជាឈ្មោះ និង រូបភាពរបស់លោក វណ្ណថាន។
ស្របគ្នានោះ មហាជនផ្ទុះការវែកញែកពេញបណ្តាញសង្គម ដោយខ្លះយល់ថាជាការពិត និង ខ្លះគិតថាជារឿងប្រឌិត។ ម្យ៉ាងវិញទៀត មហាជនជាច្រើនក៏អន្ទះសារង់ចាំការបកស្រាយពីលោក វណ្ណថាន ផងដែរ។
ក្រោយពីអូសបន្លាយអស់រយៈពេលជាច្រើនសប្តាហ៍ នៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ នេះ វណ្ណថាន ក៏បានចេញលិខិតបំភ្លឺពីរឿងរ៉ាវខាងលើដោយលោកបានបញ្ជាក់ថា លោកស្ងប់ស្ងាត់ ព្រោះតែកំពុងពិភាក្សានឹងមេធាវី ព្រមទាំងធ្វើការតាមផ្លូវច្បាប់ដើម្បីស្វែងរកភាពស្អាតស្អំរបស់លោកត្រលប់មកវិញ។ លើសពីនេះ លោក វណ្ណថាន បានបញ្ជាក់ដែរថា លោកបានយកលទ្ធផលសុខភាពជូនតុលាការពិនិត្យរួចរាល់ហើយ ដូច្នេះសូមមហាជនកុំទាន់មានការអារកាត់ ឬស្ដាប់ចំពោះការលើកឡើងតែម្ខាង សូមរង់ចាំការសម្រេចរបស់តុលាការជាមុនសិន។
បន្ទាប់ពីលោក វណ្ណថាន ចេញលិខិតបំភ្លឺទាក់ទងនឹងរឿងរ៉ាវខាងលើ នៅរសៀលថ្ងៃទី ១៩ ខែធ្នូ ដដែលនេះ ក៏បានឃើញគណនីហ្វេសប៊ុករបស់ Thida Kol បានចេញឡាយវីដេអូ ដោយបាននិយាយបញ្ជាក់ជុំវិញរឿងជំងឺម្ដងទៀត និង ភ្ជាប់ជាមួយលិខិតពេទ្យមកបញ្ជាក់បន្ថែមថាពេលនេះ នាងពិតជាកំពុងឈឺពិតមែនទាក់ទងនឹងជំងឺមាត់ស្បូន។
ក្នុងនោះដែរ Thida Kol ក៏បានរៀបរាប់បញ្ជាក់ថារឿងជំងឺដែលនាងបានបង្ហោះថាឆ្លងពីខាងប្រុសនោះ គឺជារឿងយល់ច្រឡំ ដោយនាងបានសូមទោសជាសាធារណៈចំពោះមហាជន និង ម្ចាស់សាមីខ្លួន ដែលកន្លងមកបានចោទថាឆ្លងពីខាងប្រុស បណ្ដាលឱ្យមហាជនយល់ច្រឡំប៉ះពាល់ដល់កិត្តិយសរបស់តារាចម្រៀងរូបនេះ ដែលជំងឺនេះគឺនាងកើតដោយខ្លួនឯងទេ។ ទាក់ទងនឹងជំងឺនេះដែរ Thida Kol ក៏បានប្រាប់ថា គឺនាងកំពុងស្ថិតក្នុងដំណាក់កាលហើមស្បូន ប៉ុន្តែមិនទាន់ច្បាស់ថាកើតជំងឺមហារីកនៅឡើយទេ ដោយកំពុងពិនិត្យព្យាបាលតាមដានបន្ត។
លើសពីនេះ ម្ចាស់គណនី Thida Kol ក៏បានផុសលើហ្វេសប៊ុកថា ៖ «ការផុសមួយនេះជាដំបូងខ្ញុំចង់សុំទោសដល់លោក លី វណ្ណថាន ជាសាធារណៈដែលខ្ញុំបានចោទថាឆ្លងជំងឺ HPV ពីគាត់ ហេីយក៏សុំទោសដល់មហាជនដែលធ្វេីឱ្យយល់ច្រឡំថាលោក លី វណ្ណថាន មានរោគអ្វីផ្សេងៗ។ ហេីយខ្ញុំចង់បញ្ជាក់ពីជំងឺខ្ញុំថាពេលនេះខ្ញុំពិតជាឈឺមែន មិនបានបោកប្រាស់មហាជនឡេីយ! នៅមានរឿងផ្ទាល់ខ្លួនផ្សេងទៀតខ្ញុំសូមដោះស្រាយមុខច្បាប់ អរគុណ»៕