ថ្ងៃរៀបការ James Jirayu ទម្លាយទាំងអួលថា ធ្លាប់មានរឿងរកាំរកូសប៊ិះនឹងបែកគ្នាទៅហើយ ព្រោះមហាជនរិះគន់ច្រើនពេក
កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ តារាប្រុស James Jirayu បានដឹកដៃភរិយាសំណព្វចិត្ត Foam ចូលរោងការជាផ្លូវការហើយ ក្រោយពីសាងស្នេហ៍ផ្អែមល្ហែមជាមួយគ្នាអស់រយៈពេល ១០ ឆ្នាំ។
យ៉ាងណាមិញ ក្រោយពីដឹកដៃគ្នាចូលរោងការ ក្រោមវត្តមានយ៉ាងកក់ក្តៅរបស់ញាតិមិត្តទាំងសងខាងហើយ James Jirayu ក៏បាននាំភរិយាមកផ្តល់បទសម្ភាសជាមួយនឹងសារព័ត៌មានជាច្រើនផងដែរ។ ក្នុងនោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេនោះ គឺទាំងគូបានទម្លាយថាស្នេហារបស់ពួកគេ ធ្លាប់ជួបរឿងរកាំរកូសរហូតដល់ប៊ិះនឹងបែកគ្នាម្តងទៅហើយ ទម្រាំនឹងបានចូលរោងការនេះ។
កាលនោះពួកគេបានទទួលការរិះគន់ខ្លាំងណាស់ពីសំណាក់មហាជន រហូតដល់ខាងស្រីគិតអ្វីមិនចេញ ក្រៅពីរឿងបែកគ្នា តែ James Jirayu បានតាំងជំហថា ពួកគេនឹងមិនបែកគ្នាដោយសារអ្នកដទៃឡើយ បើសិនជាបែកគ្នាពិតមែន លុះត្រាតែឈប់ស្រឡាញ់គ្នា។
ដោយឡែក អ្នកគាំទ្រពិតជាសប្បាយចិត្តរីករាយណាស់ចំពោះគូស្វាមីភរិយាថ្មីនេះ ហើយក៏បានជូនពរឱ្យពួកគេមានក្តីសុខ ជាពិសេសនោះ គឺឆាប់ទទួលបានទាយាទជាចំណងដៃផងដែរ៕