(វីដេអូ) នេន ទុំ ចេញបកស្រាយលម្អិតម្ដងទៀតជុំវិញរឿងផ្ដាច់ថ្នាំ ក្រោយផ្ទុះការវែកញែកបែកផ្សែងលើបណ្ដាញសង្គម
ពិតណាស់ កាលពីថ្មីៗកន្លងទៅ តារាចម្រៀងរ៉េបល្បីឈ្មោះលោក នេនទុំ ត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចសម្ភាសក្នុងកម្មវិធី «VTalk Confession» ហើយបាននិយាយរៀបរាប់នូវរឿងរ៉ាវជាច្រើនទាក់ទងនឹងវិស័យសិល្បៈ និង ជីវិតឯកជនរបស់លោក។
ក្នុងវីដេអូកិច្ចសម្ភាសនោះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្ររបស់តារាចម្រៀងប្រុសរូបនេះ បានចាប់អារម្មណ៍ចែករំលែកខ្លាំង ខណៈបានស្ដាប់លោកនិយាយរៀបរាប់ពីជីវិតឯកជនកាលពីអតីតកាលធ្លាប់ដើរផ្លូវមិនល្អពាក់ព័ន្ធនឹងថ្នាំញៀន ប៉ុន្តែលោកក៏បានសម្រេចចិត្តផ្ដាច់វិញ ដោយព្យាយាមទាំងលំបាកវេទនាខ្លួន ដើម្បីតែសាងជីវិតជាថ្មីល្អប្រសើរវិញមកដល់សព្វថ្ងៃ។
ចំពោះការទម្លាយនូវរឿងរ៉ាវ ក៏ដូចជាចែករំលែកនូវបទពិសោធនៃការផ្ដាច់ខ្លួនពីថ្នាំមិនល្អនេះដែរ កំពុងត្រូវបានមហាជនអ្នកគាំទ្រចែករំលែក និង សរសើរពីការតាំងចិត្តរបស់លោក ដែលជាគំរូដល់យុវជនជំនាន់ក្រោយដែលកំពុងស្ថិតក្នុងផ្លូវមួយនេះអាចផ្ដាច់ចេញត្រលប់មកគិតគូរពីអនាគតដូចរូបលោកដែរ។ ក្នុងនោះដែរ ក៏ឃើញមានមហាជនអ្នកលេងបណ្ដាញសង្គមមួយចំនួន បានបញ្ចេញមតិសួរនាំវែកញែកពីរឿងរ៉ាវនៃការផ្ដាច់ថ្នាំរបស់ នេន ទុំ ផងដែរ។
ក្រោយពីផ្ទុះការចាប់អារម្មណ៍ និង វែកញែកខ្លាំងលើបណ្ដាញសង្គមចំពោះការចែករំលែកបទពិសោធផ្ដាច់ថ្នាំរបស់ខ្លួន ថ្មីៗនេះ ក៏បានឃើញលោក នេន ទុំ បានចេញវីដេអូថ្មីមួយនិយាយបកស្រាយលម្អិតម្ដងទៀតជុំវិញការប្រើប្រាស់ថ្នាំ និង វិធីផ្ដាច់ថ្នាំរបស់លោក ដែលកើតឡើងតាំងពីជាង ២០ ឆ្នាំមុនមកម្ល៉េះ ដោយការផ្ដាច់នេះ លោកក៏បានរៀបរាប់ពីកម្រិតរបស់វា ដែលចំពោះលោកគឺមានកម្រិតខ្លាំង ព្រោះលោកបានប្រើប្រាស់ថ្នាំច្រើន ទើបមានការលំបាកវេទនាក្នុងការផ្ដាច់ ប៉ុន្តែបើសម្រាប់អ្នកប្រើប្រាស់តិចតួច ឬស្រាល អាចនឹងងាយស្រួលផ្ដាច់ជាងលោក៕
សូមទស្សនាវីដេអូខាងក្រោម៖