សិល្បករ-ការិនី ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញទស្សនីយភាពដ៏អស្ចារ្យថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបើកទំព័រព្រឹតិ្តការណ៍ស៊ីហ្គេម លើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងមកដល់នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះហើយ។
ក្នុងនោះដែរ មិនថាតែកីឡាករ កីឡាករិនីនោះទេ ដែលកំពុងតែត្រៀមខ្លួនក្នុងការបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជា ពោលគឺសូម្បីតែសិល្បករ សិល្បការិនី ក៏ត្រៀមខ្លួនរួចជាស្រេចដែរ ដើម្បីបង្ហាញផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនៃការបើកទំព័រព្រឹតិ្តការណ៍ស៊ីហ្គេម លើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ នេះ។
ពេលវេលាកាន់តែកៀក ថ្ងៃហាត់សមក៏កាន់តែខ្លីផងនោះ នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៣ នេះ តារាស្រី ជំទាវ នៅ សុនិតា ក៏បានបង្ហោះរូបភាពក្រៅឆាករបស់តារាស្រីប្រុសជាច្រើន កំពុងតែប្រឹងប្រែងយ៉ាងសកម្មក្នុងការបង្ហាញខ្លួនក្នុងនាមជាម្ចាស់ផ្ទះ និង បានភ្ជាប់នូវសារមួយឃ្លាថា៖ «ស៊ូៗបងប្អូនទាំងអស់គ្នា ដើម្បីមុខមាត់ប្រទេសយើង ក៏ដូចជាការតបស្នងដល់រាជរដ្ឋាភិបាលដែលបានផ្តល់ឱកាសឱ្យពួកយើងបានស្គាល់ Sea Games 2023 ជួបគ្នាឆាប់ៗ 05/05/2023។ ប្រទេសខ្ញុំតូចពិតតែបេះដូងធំ»៕