ស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា មានចម្ងាយប្រមាណ ១៤៧ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តកំពតជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែប មានទាំងតំបន់ភ្នំ តំបន់ទឹកប្រៃ តំបន់ទឹកសាប ព្រមទាំងផ្ទះលម្ហែ បឹងហ្គាឡូដេរដាស ប្រកបទៅដោយទស្សនីយភាពស្រស់ត្រកាល ទាក់ទាញភ្ញៀវទេសចរឱ្យចង់ទៅទស្សនាកម្សាន្ត ក្រោយសម្រាកពីការងារថ្ងៃចុងសប្ដាហ៍ ក៏ដូចជាថ្ងៃបុណ្យឈប់សម្រាក ជាដើម។
ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមណែនាំនូវកន្លែងលម្ហែមួយកន្លែង ដែលមានទេសភាពស្រស់ត្រកាលខ្លាំង កម្រមានអ្នកទៅដល់ និង បានស្គាល់ ដែលនៅទីនោះមានឈ្មោះថា «ភ្នំទឹកធំ»។
ស្ថិតនៅភូមិអន្លង់ថ្ងាន់ខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ជាប់ព្រំដែនវៀតណាម រមណីយដ្ឋាន «ភ្នំទឹកធំ» កំពុងផ្ទុះការចាប់អារម្មណ៍ពេញបណ្ដាញសង្គម ទាក់ទាញភ្ញៀវទេសចរណ៍ឱ្យទៅទស្សនាកម្សាន្តនៅទីនោះ ដោយសារតែមានការបើកឱ្យជិះទូកកម្សាន្តក្នុងរូងភ្នំគយគន់ទេសភាពបៃតងខ្ចីពីលើផ្ទៃទឹក ស្រស់ស្អាតមិនចាញ់ទេសភាពនៅបរទេស និង មានស្ពានឫស្សីសាងសង់សម្រាប់ធ្វើដំណើរផងដែរ គួរជាទីមនោរម្យ និង ចង់ឱ្យទៅទស្សនាក្រៃលែង៕
ប្រភពរូបភាព ៖ FOTO