អ្នកច្នៃម៉ូដ ស្ករគ្រាប់ ថាគ្រាន់តែជារឿងចៃដន្យ ពាក់ព័ន្ធនឹងការច្នៃឈុតតំណាងជាតិឱ្យបវរកញ្ញាឈ្នះមកុដដល់ទៅ ៤ រូប
ការឈ្នះមកុដបវរកញ្ញាចក្រវាលរបស់កញ្ញា ចន សុទីម៉ា នៅរាត្រីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ បានធ្វើឱ្យមហាជនបង្ហោះរូបភាព និង សារអបអរសាទរដល់នាងព្រោងព្រាត។
ដោយឡែក ក្រៅពីការអបអរសាទរទៅលើរាជិនីគ្រងមកុដ Miss Universe Cambodia 2023 ចន សុទីម៉ា ក្នុងនោះមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើន ក៏ហាក់ផ្ទុះការចែករំលែកនូវទឹកដៃអ្នកច្នៃម៉ូដវ័យក្មេង ស្ករគ្រាប់ កំពុងទទួលបានការលើកសរសើរ និង អបអរពីមជ្ឈដ្ឋានជុំវិញ ដោយបវរកញ្ញាគ្រងមកុដ ៤ រូប ដែលលោកជាអ្នកច្នៃឈុតតំណាងជាតិ សុទ្ធតែឈ្នះមកុដលេខ ១ ក្នុងការប្រកួត។
សម្រាប់បវរកញ្ញាដែលលោក ស្ករគ្រាប់ បានច្នៃឈុតតំណាងជាតិ ហើយបានឈ្នះមកុដនៅវគ្គផ្ដាច់ព័ត្រនោះរួមមាន ៖ កញ្ញា ហង្ស ម៉ានីតា Miss Universe Cambodia 2022, កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022, កញ្ញា ភឹម ស្រីនោ Miss Grand Cambodia 2023 និង កញ្ញា ចន សុទីម៉ា Miss Universe Cambodia 2023។
ស្របពេលដែលការរំលែកពីស្នាដៃច្នៃឈុតរបស់ ស្ករគ្រាប់ កាន់តែផុសផុលច្រើនឡើង ស្រាប់តែលោកផ្ទាល់ បានបង្ហោះសារទទួលស្គាល់ថា វាពិតជារឿងចៃដន្យ ដែលក្នុងនោះ លោកក៏បានរៀបរាប់ពោរពេញដោយក្ដីស្រឡាញ់ចំពោះវិស័យមួយនេះថា ៖ «ខ្ញុំគ្រាន់តែជាផ្នែកមួយនៃការរួមដំណើរឆ្ពោះទៅដណ្ដើមមកុដរបស់ពួកគាត់ ហើយវាគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ»៕
Picture to Owner