ក្លាយជាម៉ាក់ប៉ាគេ គួរដឹងរឿងរ៉ាវសំខាន់នេះ ដើម្បីចិញ្ចឹមកូនឱ្យមានសុខភាពល្អទាំងកាយ និង ចិត្ត
សម្រាប់អ្នកដែលទើបក្លាយជាឪពុកម្តាយគេថ្មីថ្មោងតែងតែគិតគូរបំផុតទៅលើការថែទាំសុខមាលភាពកូនៗ ដើម្បីឱ្យកូនៗទទួលបាននូវសុខភាពល្អ និង ការលូតលាស់យ៉ាងឆាប់រហ័ស។ ក្នុងនោះ វិធីសាស្ត្រនៃការចិញ្ចឹមបីបាច់ថែរក្សាកូនៗក៏មានលក្ខណៈខុសគ្នាទៅតាមចំណេះដឹង និង បទពិសោធរៀងៗខ្លួនផងដែរ។
យ៉ាងណាមិញ «ម៉ាក់ Talk» ក៏មានវិធីសាស្ត្រខ្លះៗមកចែកជូនប្រិយមិត្តដែលទើបតែក្លាយជាម៉ាក់ប៉ាគេថ្មីថ្មោងឱ្យយល់ដឹងពីរបៀបនៃការថែទាំកូនឱ្យបានល្អផងដែរ ដោយវិធីសាស្រ្តទាំងនោះរួមមាន ៥ ចំណុច ដូចជា ៖
១. ពេលវេលា
ក្មេងដែលមានអាយុចន្លោះពី ០-៥ ឆ្នាំ គឺជាវ័យមួយដែលពួកគេត្រូវការថែទាំខ្លាំងបំផុតពីឪពុកម្តាយ ព្រោះជាវ័យមួយដែលក្មេងៗត្រូវការលូតលាស់ និង រៀនសូត្រតាម ដូចនេះតួនាទីជាឪពុកម្តាយត្រូវនៅស្និទ្ធស្នាលបំផុតជាមួយនឹងកូន ដើម្បីជួយពួកគេឱ្យទទួលបានការលូតលាស់ និង រៀនសូត្រនូវអ្វីដែលល្អ។
២. ជ្រើសរើសអាហារដែលជំនួយសុខភាពកូន
អាហារជាកត្តាសំខាន់បំផុតសម្រាប់សុខភាពកុមារ និង ទារក ព្រោះវាបានផ្តល់សារធាតុចិញ្ចឹមជាច្រើនក្នុងការជួយដល់កុមារ និង ទារកឱ្យមានសុខភាពល្អ ហើយបើសិនជាផ្តល់អាហារពុំបានត្រឹមត្រូវកុមារ និង ទារកអាចប្រឈមនឹងគ្រោះថ្នាក់លឿនបំផុត។ សម្រាប់អ្នកដែលក្លាយជាឪពុកម្តាយគេថ្មីថ្មោងគួរសិក្សាស្វែងយល់ពីប្រភេទអាហារជំនួយសុខភាពកូនឱ្យបានច្បាស់លាស់ ជៀសវាងការផ្តល់នូវប្រភេទអាហារដែលគ្មានជីវជាតិ និង ប៉ះពាល់ដល់សុខភាព ជាពិសេសការជ្រើសរើសទឹកដោះគោដែលមានគុណភាពល្អ និង ស្របតាមស្តង់ដារ។
៣. មិនត្រូវឱ្យកូនប្រើប្រាស់គ្រឿងអេឡិចត្រូនិច
មែនទែនទៅសម្រាប់វ័យកុមារត្រូវឱ្យពួកគេរត់លេងកម្សាន្ត និង លេងជាមួយនឹងមិត្តភក្តិប្រសើរជាជាងឱ្យកុមារកាន់ទូរស័ព្ទដៃ ពីព្រោះការលេងកម្សាន្តជាមួយនឹងក្មេងៗដទៃគឺជាបណ្ដុះឱ្យកុមារបានស្វែងយល់ពីពិភពខាងក្រៅតាមរយៈការរស់នៅជាលក្ខណៈសហគម នាំឱ្យពួកគេមានទំនាក់ទំនងគ្នា ចេះស្គាល់គ្នាទៅវិញទៅមក។ ប្រសិនបើឪពុកម្តាយបណ្ដោយឱ្យកូនកាន់ទូរស័ព្ទ ឬ គ្រឿងអេឡិចត្រូនិចដទៃទៀតច្រើនពេកនោះ នឹងជះឥទ្ធិពលដល់បញ្ហាទំនាក់ទំនងផ្នែកភាសា និង សុខភាពផ្នែកចក្ខុវិញ្ញាណ។
៤. ប្រើហេតុផលប្រសើរជាងការប្រើហិង្សា
សម្រាប់កុមារ ការអប់រំបែបហិង្សាវាបានប៉ះពាល់ទៅដល់រាងកាយ និង ផ្លូវចិត្តជាខ្លាំង ព្រោះកុមារពុំអាចបែងចែកល្អ និង អាក្រក់បានដាច់ស្រឡះដូចមនុស្សធំឡើយ។ ការនិយាយគំរាមកំហែង ការវាយតប់នាំឱ្យកុមារទទួលនូវសម្ពាធ និង ភាពភ័យខ្លាច។ ក្នុងនោះ កុមារខ្លះក៏អាចអនុវត្តនូវសកម្មភាពកោងកាចតាមឪពុកម្តាយផងដែរ ព្រោះពួកគេពុំទាន់យល់នូវអត្ថន័យនៃការណែនាំ។ ដូចនេះ ក្នុងនាមជាឪពុកម្តាយគួរតែនិយាយហេតុផលឱ្យកូនយល់ប្រសើរជាជាងប្រើប្រាស់ហិង្សា និង ការគំរាមកំហែង។
៥. ជៀសវាងនាំកូនទៅទីកន្លែងមនុស្សច្រើនកុះករ
ជាធម្មតាកុមារគឺមានអង់ទីករខ្សោយក្នុងប្រឆាំង និង ជំងឺឆ្លងខ្លាំងណាស់ ដូចនេះបើអាចឪពុកម្តាយមិនគួរនាំកូនៗតូចទៅទីកន្លែងដែលមានមនុស្សច្រើនកុះករឡើយ ព្រោះអាចនាំឱ្យកូនរបស់លោកអ្នកប្រឈមនឹងជំងឺឆ្លងផ្សេងៗបានយ៉ាងរហ័ស៕
ប្រភព៖ www.fwd.co.th