មានបេះដូងដូចគ្នា! ប៉េងអាន និង Key សហការសម្រេចក្តីស្រមៃបើកបណ្ណាល័យអានសៀវភៅតូចមួយ
កន្លងមក ប្រិយមិត្តធ្លាប់បានឃើញរួចមកហើយដែល ប៉េងអាន និង Key តែងបង្ហាញភាពស្និទស្នាលជាដៃគូដ៏ស័ក្តិសម មិនថាក្នុងទំនាក់ទំនងការងារ និង មុខជំនួញ។ ជាក់ស្តែង អ្នកទាំងពីរបានចាប់ដៃគ្នាបង្កើតហាងសម្លៀកបំពាក់ និង ហាងកាហ្វេ ជាពិសេសថ្មីៗនេះក៏ទើបតែសម្រេចក្តីស្រមៃរួមគ្នាមួយទៀតនោះគឺ បើកបណ្ណាល័យអានសៀវភៅ។
តាមការបង្ហោះនៅលើបណ្តាញសង្គម បណ្តាល័យនេះមានឈ្មោះថា បណ្ណាល័យ The Reading Lounge Library បានបើកផ្លូវការកាលពីរសៀលថ្ងៃទី ០១ ខែ កញ្ញា នេះ។ អ្នកទាំងពីរធ្លាប់បាននិយាយនៅក្នុងវីដេអូថា គម្រោងមួយនេះនៅជិតបេះដូងបំផុត។ អ្នកទាំងពីរចង់បង្កើតអ្វីមួយដែលមានអត្ថន័យ ផ្តល់ជម្រើសនៃការអានកាន់តែច្រើនជាងមុន បង្កើតទម្លាប់ការអានច្រើនជាងមុន និង លើកកម្ពស់សហគមន៍អ្នកស្រលាញ់ការអាន។
ដោយសារតែមានបេះដូងដូចគ្នា ទោះរវល់យ៉ាងណា ប៉េងអាន និង Key តែងឆ្លៀតពេលរៀបចំបណ្ណាល័យនេះរហូតរួចរាល់ជាស្ថាពរ។ គម្រោងបង្កើតបណ្តាល័យនេះ អ្នកទាំងពីរមានគំនិតឡើង បន្ទាប់ពីឃើញថាហាងកាហ្វេដែលបើករួមគ្នាកន្លងមក មានតម្រូវការអានសៀវភៅច្រើនជាងមុន។ អ្នកទាំងពីរបានប្រមែប្រមូលសៀវភៅជាច្រើន មានខ្លះចំណាយលុយទិញផង និង ខ្លះទទួលបានការបរិច្ចាគពីមិត្តភក្តិផង។
គួរឱ្យដឹងដែរថា ការបង្កើតបណ្ណាល័យនេះមានគ្នាពីរនាក់ទៀតចូលរួម។ ក្នុងបណ្ណាល័យមានសៀវភៅប្រមាណជា ៣ ពាន់ក្បាល មានជាភាសាខ្មែរ និង អង់គ្លេស។ បណ្ណាល័យបើកឱ្យចូលអានដោយឥតគិតថ្លៃ ស្ថិតនៅជាប់ហាងកាហ្វេរបស់ ប៉េងអាន និង Key នៅតាមបណ្តោយផ្លូវវត្តឧណ្ណាលោម៕