បាត់មុខជិត ៥ ខែ! ពេលនេះ Angela Baby បង្ហាញមុខយ៉ាងភ្ញាក់ផ្អើល ក្នុងកម្មវិធីមួយនៅឌូបៃ
បន្ទាប់ពីបាត់មុខពីវិស័យកម្សាន្តចិនអស់រយៈពេល ៥ ខែកន្លងមក តារាសម្ដែងស្រី Angela Baby បានលេចមុខនៅលើប្រព័ន្ធផ្សព្វផ្សាយយ៉ាងភ្ញាក់ផ្អើល ក្រោយត្រូវបានគេហាមឃាត់មិនអនុញ្ញាតឱ្យបង្ហាញមុខក្នុងកម្មវិធីកម្សាន្តផ្សេងៗក្នុងប្រទេសចិន។
ការអាក់ខានមិនបង្ហាញមុខក្នុងសិល្បៈកម្សាន្តរបស់តារាស្រីរូបនេះ ដោយសារតែនាងមានរឿងអាស្រូវថាបានទៅទស្សនាការសម្ដែងរបស់ Lisa សមាជិក BLACKPINK នៅក្នុងក្លឹបកម្សាន្ត Crazy Horse នៅទីក្រុងប៉ារីស ប្រទេសបារាំង។
យ៉ាងណាមិញ ចាប់តាំងពីមានរឿងអាស្រូវនោះមក តារាស្រីរូបនេះ បានធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំងដល់បាតសឹងតែមិនអាចស្រោចស្រង់បាន សូម្បីតែអ្នកគាំទ្រនាងក៏មិនអាចសង្ឃឹមថា Angela អាចមានមុខក្នុងសិល្បៈវិញឬយ៉ាងណានោះទេ។
ទោះជាយ៉ាងណាក៏ដោយ តារាស្រីរូបនេះ ក៏ស្រាប់តែមានវត្តមានចូលរួមនៅក្នុងកម្មវិធីបើកសម្ពោធសណ្ឋាគារមួយកន្លែងនៅក្នុងទីក្រុងឌូបៃ ហើយនេះគឺជាលើកដំបូងរបស់តារាស្រីរូបនេះ ដែលអាចស្តារមុខមាត់ខ្លួនឡើងវិញតាមរយៈការផ្សព្វផ្សាយនៅក្រៅប្រទេស៕