ហ្វេនត្រៀមៗ! សាយ នឹងរៀបចំការរត់ម្តងទៀត អបអរខួម ១ ឆ្នាំ ប្រាសាទកោះកេរចុះបញ្ជីបេតិកភណ្ឌពិភពលោក
នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ ការដាក់បញ្ជូលប្រាសាទកោះកេរចូលបញ្ជីបេតិកភណ្ឌពិភពលោកឈានដល់គម្រប់មួយឆ្នាំហើយ បើគិតចាប់តាំងពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ។
ក្រឡេកទៅមើលកម្មវិធី Run With Sai បង្កើតឡើងដោយតារាចម្រៀង Original Song គឺលោក សាយ ក៏មិនរំលងឱកាសដ៏ពិសេសនៃការអបអរ និង ចូលរួមផ្សព្វផ្សាយពីប្រាសាទខ្មែរទៅកាន់ពិភពលោកដែរ ដោយខួបគម្រប់ ១ ឆ្នាំ ប្រាសាទកោះកេរចុះបញ្ជីបេតិកភណ្ឌពិភពលោកនេះ តារាចម្រៀងរូបនេះនឹងមានរៀបចំការរត់នៅឯប្រាសាទកោះកេរ។
ជាការពិតណាស់ ក្នុងឆ្នាំ ២០២៤ នេះ គឺជាដំបូងដែលប្រជាជនកម្ពុជា នឹងអបអរការដាក់បញ្ជូលប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយក្នុងនោះលោក សាយ និង ក្រុមការងារក៏បានរៀបចំព្រឹត្តិការណ៍ Koh Ker Heritage ជាលើកទី ១ ដូចគ្នាដែរ ដោយកម្មវិធីនឹងរៀបចំនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ និង ខុសប្លែកពីព្រឹត្តិការណ៍មុនៗ ដែលរៀបចំដោយ Run With Sai នោះ គឺព្រឹត្តិការណ៍ Koh Ker Heritage មិនត្រឹមតែមានវិញ្ញាសាក្នុងការរត់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកចូលរួមក៏អាចជ្រើសរើសការជិះគោយន្តទៅកាន់ប្រាសាទកោះកេរបានផងដែរ។ ម្យ៉ាងវិញទៀត នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ ពោលគឺមុន ១ ថ្ងៃនៃព្រឹត្តិការណ៍ Koh Ker Heritage ក៏មានការប្រគំតន្ត្រីខ្នាតតូចទៀតផង៕