ចៃដន្យល្អម្ល៉េះ! ស្ត្រីម្នាក់មានកូនស្រី ៤ នាក់ កើតមកសុទ្ធតែប៉ះចំថ្ងៃដូចគ្នា
ស្ត្រីម្នាក់ឈ្មើ Kristin Lammert នៅ South Carolina សហរដ្ឋអាមេរិក បានជួបរឿងចៃដន្យនឹកស្មានមិនដល់មួយដោយកូនស្រីរបស់នាងទាំង ៤ នាក់ ម្នាក់ៗកើតមកសុទ្ធតែចំថ្ងៃទី ២៥ ខែសីហាដូចគ្នា។
តាមការបញ្ជាក់ពីស្ត្រីខាងលើ នាងបានឱ្យដឹងថា នាងបានសម្រាលកូនស្រីពៅរបស់នាងឈ្មោះ Valentina មុនមួយខែខុសពីការរំពឹងទុកដោយកូនស្រីពៅនេះកើតនៅថ្ងៃទី ២៥ ខែសីហា ចំថ្ងៃកំណើតដូចបងស្រីរបស់នាងទាំង ៣ នាក់ដែរ ដោយកូនស្រីច្បងឈ្មោះ Sophia អាយុ ៩ ឆ្នាំ កូនទី ២ ឈ្មោះ Giulianna អាយុ ៦ ឆ្នាំ និង កូនទី ៣ ឈ្មោះ Mia អាយុ ២ ឆ្នាំ។
លោកស្រី Kristin បានរៀបរាប់ថា៖ «កូនពៅរបស់ខ្ញុំក៏កើតចំថ្ងៃទី ២៥ ខែសីហាដែរ។ លើកលែងតែ Sophia មួយ កូនទាំង ៣ របស់ខ្ញុំសុទ្ធតែកើតមុនខែ ប៉ុន្តែកើតតាមធម្មជាតិ។ ពួកយើងគ្មានគ្រោងទុកអ្វីនោះទេ ពួកយើងក៏មិនយល់ដូចគ្នា»។
តាមគ្រូពេទ្យដែលបម្រើការនៅមន្ទីរពេទ្យដែលលោកស្រី Kristin សម្រាលកូនក៏បានលាន់មាត់ដែរថា៖ «វាមិនមែនជារឿងធម្មតានោះទេ។ សូម្បីតែពេលវេលាក៏វាសឹងតែមិនគួរឱ្យជឿនោះដែរ។ វាចម្លែកណាស់ដែលនាងអាចសម្រាលកូនទាំង ៣ នាក់តាមធម្មជាតិក្នុងថ្ងៃតែមួយដូចគ្នាបាន ក្នុងរយៈពេលច្រើនឆ្នាំពីគ្នាដោយគ្មានគម្រោងបែបនេះ»៕