រដ្ឋមន្ត្រីក្រសួងសំខាន់ៗនៅកម្ពុជា ២ រូប ត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រសំណើជាឯកច្ឆន្ទ ព្រឹកមិញ
នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី ៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសំណើកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូប។
អង្គប្រជុំនៃរដ្ឋសភា បានបោះឆ្នោតគំាទ្រសំណើជាឯកច្ឆន្ទ ដែលក្នុងនោះមាន ឯកឧត្តម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម សុខ សូកេន ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូបនាឱកាសនេះ ដើម្បីប្រសិទ្ធភាពការងារក្នុងការបម្រើប្រទេសជាតិ និង ប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលមានបាវចនាចំនួន ៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព» និង មានអាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ជាពិសេសគឺ «បច្ចេកវិទ្យាឌីជីថល»៕
ប្រភព ៖ ក្រសួងព័ត៌មាន