តារាសម្ដែងជើងចាស់ដ៏ល្បី និង ជាអ្នកបញ្ចូលសំឡេងតួអង្គ Darth Vader ក្នុងរឿង «Star Wars» បានទទួលមរណភាពក្នុងវ័យ ៩៣ ឆ្នាំ
លោក James Earl Jones តារាសម្ដែងជើងចាស់ដ៏ល្បីដែលជាអ្នកបញ្ចូលសំឡេងឱ្យតួអង្គ Darth Vader ក្នុងរឿង «Star Wars» និង តួអង្គ Mufasa ក្នុងរឿង «The Lion King» រួមទាំងធ្លាប់ចូលរួមសម្ដែងក្នុងរឿងល្បីៗមួយចំនួនទៀតនោះ បានទទួលមរណភាពហើយកាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) ក្នុងផ្ទះរបស់គាត់នាតំបន់ Dutchess ក្រុងញ៉ូយ៉ក។ នេះបើតាមការបញ្ជាក់ពីអ្នកតំណាងមកពី Independent Artist Group មកកាន់សារព័ត៌មាន Deadline។
មរណភាពរបស់តារាជើងចាស់រូបនេះបានធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាសិល្បករសិល្បការិនីជាច្រើននាំគ្នាចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និង សម្ដែងការសោកស្ដាយខ្លាំងនូវការបាត់បង់សិល្បករដ៏ឆ្នើមពោរពេញដោយទេពកោសល្យរូបនេះ។
គួរបញ្ជាក់ថា លោក James Earl Jones ជាតារាសម្ដែងដ៏ឆ្នើមមួយរូបទទួលបានពានរង្វាន់ធំៗជាច្រើន។ ពានរង្វាន់ដែលលោកទទួលបានរួមមានពាន Emmy, Grammy, Oscar និត Tony ជាដើម បើទោះជាពានទាំងនេះគឺជាពានរង្វាន់កិត្តិយសក៏ដោយ។ លោក James Earl Jones ទទួលមរណភាពដោយមានក្រុមគ្រួសាររបស់លោកនៅជុំវិញខ្លួន តែយ៉ាងណាមិញចំពោះមូលហេតុនៃការចាកចេញគ្មានថ្ងៃត្រឡប់នេះមិនត្រូវបានចែករំលែកឱ្យដឹងនោះឡើយ៕