កន្លងទៅ ១៣ ឆ្នាំហើយ Baifern នៅតែធ្វើឱ្យ Mario ចងចាំមិនភ្លេចចំពោះរឿងទាំងនេះ
នៅក្នុងរង្វង់សិល្បៈនាពេលបច្ចុប្បន្ន តារាស្រី Baifern Pimchanok បានក្លាយជាតារាស្រីជួរមុខម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ក្នុង និង ក្រៅប្រទេស។ តារាស្រីរូបនេះជាតារាសម្ដែងស្រីឯករាជ្យម្នាក់ដែលមានទេពកោលស្យសម្ដែងល្អ ក្តាប់បានទីផ្សារសិល្បៈពេញៗដៃ។
រាល់តារាប្រុសដែលធ្លាប់សម្ដែងជាមួយនឹងតារាសម្ដែងស្រីរូបនេះតែងតែអួតសរសើរចំពោះ Biafern មិនដែលដាច់ឡើយ។ តួយ៉ាង សម្រាប់អ្នកកំលោះ Mario Maurer ក៏ធ្លាប់ជាដៃគូសម្ដែងម្នាក់របស់ស្រីស្រស់ Baifern ដែរ ក្នុងរឿង «First Love» ដែលចាក់បញ្ចាំងនៅឆ្នាំ ២០១០។
គិតមកទល់បច្ចុប្បន្ន អស់រយៈពេល ១៣ ឆ្នាំហើយដែលអ្នកទាំងពីរបានសម្ដែងរួមគ្នា។ ក្នុងនោះ គេតែងឃើញតារាប្រុស Mario តែងនិយាយអួតសរសើរចំពោះសមត្ថភាពសម្ដែងរបស់ Baifern ។ ជាក់ស្តែង កាលពីពេលកន្លងទៅក្នុងបទសម្ភាសមួយ អ្នកកំលោះរូបនេះបានលើកឡើងថា ៖ «រឿង First Love ជារឿងមួយដែលលោករង់ចាំមើលតួឯកស្រីអស់ ២ ឆ្នាំ ទម្រាំអ្នកដឹកនាំ Casting រកបាន ហើយចុងក្រោយក៏ទទួលបានតារាស្រី Baifern មកសម្ដែង»។
លោកក៏បានបន្ថែមទៀតថា ៖ «ការសម្ដែងរបស់តារាស្រី Baifern គឺល្អខ្លាំងណាស់ ជាពិសេសឈុតឆាកដែលនាងធ្លាក់ទឹកពិតធ្វើឱ្យលោកចងចាំមិនភ្លេច ព្រោះ Baifern ដាក់អារម្មណ៍សម្ដែងគ្មានឆ្គងបន្តិចឡើយ។ លោកចាំបានថា កាលដែលលោកមើលរឿងត្រង់ឈុតនេះដំបូង គឺលោកយំដោយមិនដឹងខ្លួនតែម្តង នាងពិតជាពូកែណាស់»៕