រំលងប៉ុន្មានឆ្នាំសោះ ឆេង ប្រសិទ្ធ ពេញកំលោះស្ដូក ហើយមានទឹកចិត្តល្អ ចេះផ្ដល់ឱ្យអ្នកក្រខ្សត់តាំងពីក្មេង
គិតមកដល់ពេលនេះ មានរយៈពេលប្រមាណជា ៦ ឆ្នាំហើយ ដែលកំលោះតូច ឆេង ប្រសិទ្ធ បានបង្ហាញខ្លួនចូលរួមប្រកួតកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ២ ដែលកាលនោះគេចាំបានថា ប្រសិទ្ធ គឺជាបេក្ខជនដ៏លេចធ្លោ និង ត្រូវបានមហាជនស្រឡាញ់គាំទ្រច្រើនផុសផុលមួយរូប។
ងាកមកមើលរូបរាងវិញ រំលងផុតតែប៉ុន្មានឆ្នាំសោះ ពេលនេះ ឆេង ប្រសិទ្ធ ប្រែប្រួលច្រើនណាស់ ទាំងកម្ពស់កម្ពរ រូបរាង មុខមាត់ ពោលគឺជាកំលោះវ័យជំទង់មានរូបរាងសង្ហាម្នាក់។ ក្រៅពីមានរូបរាងសមសួនស្រស់សង្ហា ប្រសិទ្ធ ក៏ជាក្មេងប្រុសមានទឹកល្អ ចេះចែករំលែកក្ដីស្រឡាញ់ ចេះជួយ និង ចេះផ្ដល់ឱ្យអ្នកដទៃដែលមានជីវភាពខ្សត់ខ្សោយជាងខ្លួនគួរឱ្យសរសើរ។
តួយ៉ាងថ្មីៗនេះ ឆេង ប្រសិទ្ធ បានជួបកុមារាម្នាក់ដោយចៃដន្យ ហើយដោយឃើញកុមារារូបនោះគ្មានកងជិះទៅរៀន ហើយសាលាក៏នៅឆ្ងាយផងនោះ ប្រសិទ្ធ បានទិញកងថ្មីជូនកុមារារូបនោះទៀតផង។ ប្រសិទ្ធ បានចែករំលែកក្ដីស្រឡាញ់មួយនេះនៅលើហ្វេសប៊ុកថា ៖ «មកលេងសៀមរាបក៏បានជួបប្អូនប្រុសម្នាក់ដោយចៃដន្យ ផ្ទះគាត់ឆ្ងាយពីសាលាដោយសារគ្រួសារគាត់ខ្វះខាត ប្រសិទ្ធ ក៏ទិញកង់ឱ្យប្អូន ១ ដើម្បីជិះទៅរៀន ភ្លាមៗពេកមិនបានត្រៀមទុកទេ ក៏ទិញកង់នៅផ្សារភូមិអូរក្នុងខេត្តសៀមរាបតែម្តងទៅ បងសង្ឃឹមថាប្អូននឹងខំរៀន ហើយក៏សង្ឃឹមថាយើងនឹងអាចជួបគ្នាម្តងទៀត»៕