ពូកែសឹងគ្រប់មុខ! មុនចូលប្រកួត MasterChef សីលាបញ្ញា ធ្លាប់ជាកីឡាករការ៉ាតេដណ្ដើមបានមេដាយជាច្រើនគ្រឿង នៅក្រៅប្រទេស
មហាជនអ្នកគាំទ្រតាមដានកម្មវិធីប្រកួតថ្វីដៃធ្វើម្ហូបលំដាប់ពិភពលោក MasterChef Cambodia រដូវកាលទី ៣ បានជ្រាបហើយពីបេក្ខជនដ៏ឆ្នើមវ័យ ២៤ ឆ្នាំ លោក កាក់ សីលាបញ្ញា ជាប៉ូលិសនគរបាល មកពីរាជធានីភ្នំពេញ ដែលជាបេក្ខជនមានថ្វីដៃខ្លាំងមួយរូប ធ្លាប់ទទួលបានការសរសើរជាច្រើនពីគណៈកម្មការជាមួយនឹងសមត្ថភាពរបស់លោកក្នុងការចម្អិនកន្លងមក។
មកដល់សប្ដាហ៍ទី ១៦ នៃកម្មវិធី MasterChef Cambodia ថ្មីៗកន្លងទៅនេះ មហាជនអ្នកគាំទ្របានបង្ហាញការសោកស្ដាយចំពោះបេក្ខជន សីលាបញ្ញា ដែលត្រូវដោះអៀមចាកចេញពីផ្ទះបាយមួយនេះទាំងចិត្តអាល័យ ប៉ុន្តែរូបលោកក៏បាននិយាយពេញចិត្តពីការខិតខំប្រឹងប្រែងរបស់ខ្លួនកន្លងមក និង ទទួលបានបទពិសោធជាច្រើនក្នុងការប្រកួតប្រជែងនេះ ហើយក៏សង្ឃឹមថាមហាជនចង់ចាំឈ្មោះរូបលោកក្នុងចិត្តផងដែរ។
ក្រោយពីត្រូវបានជម្រុះចេញពីកម្មវិធីក្នុងសប្ដាហ៍ទី ១៦ នេះដែរ ក្រឡេកទៅមើលបណ្ដាញសង្គមហ្វេសប៊ុករបស់ កាក់ សីលាបញ្ញា ក៏បានបង្ហោះចែករំលែកសារជាបន្តបន្ទាប់ទាក់ទងនឹងការចាកចេញពីកម្មវិធីប្រកួត ដែលលោកបង្ហាញការអរគុណលើកទឹកចិត្ត ព្រមទាំងក្ដីស្រឡាញ់គាំទ្រពីមហាជនជាច្រើន ដែលមិននឹកស្មានថារូបលោកទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីមហាជនបែបនេះទេ។
លើសពីនេះ ក៏បានឃើញការបង្ហោះចែករំលែកសារមួយរបស់ សីលាបញ្ញា ដែលនិយាយបែបលេងសើចទាក់ទងនឹងប្រជាប្រិយភាពរបស់ខ្លួន បានឱ្យដឹងថាមុនពេលចូលរួមប្រកួតក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី ៣ នេះ លោកក៏ធ្លាប់បានសាងស្នាដៃ និង កេរ្តិ៍ឈ្មោះក្នុងកម្មវិធីអន្តរជាតិជូនប្រទេសជាតិទៀតផង ដោយគ្រាន់តែមិនសូវល្បីឈ្មោះដូចពេលប្រកួតធ្វើម្ហូបនេះ។
ពិតណាស់ លោក កាក់ សីលាបញ្ញា ត្រូវបានគេស្គាល់ថាជាកីឡាករការ៉ាតេមួយរូបរបស់អង្គភាពកីឡានគរបាលជាតិកម្ពុជា ដែលធ្លាប់បានបញ្ជូនទៅចូលរួមប្រកួតកីឡាការ៉ាតេ នៅឯក្រៅប្រទេស និង ដណ្ដើមបានមេដាយមាសជាច្រើនគ្រឿង ៖
– នៅខែសីហា ឆ្នាំ ២០១៩ កន្លងទៅ លោក កាក់ សីលាបញ្ញា បានទៅចូលរួមការប្រកួតកីឡានរគបាល និង កងពន្លត់អគ្គិភ័យពិភពលោកលើកទី ១៩ (The 18th World Police & Fire Games 2019) នៅឯប្រទេសចិន ដែលប្រកួតលើវិញ្ញាសារការ៉ាតេប្រយុទ្ធឯកត្តជន ដណ្ដើមបានមេដាយមាស ១ គ្រឿង និង ប្រកួតជាក្រុមបានមេដាយមាស ១ គ្រឿង។
– នៅខែសីហា ឆ្នាំ ២០២២ កន្លងទៅ លោក កាក់ សីលាបញ្ញា បានទៅចូលរួមការប្រកួតកីឡានរគបាល និង កងពន្លត់អគ្គិភ័យពិភពលោកលើកទី ១៩ (The 19th World Police & Fire Games 2022) នៅឯប្រទេសហូឡង់ ដែលប្រកួតលើវិញ្ញាសារការ៉ាតេ ដណ្ដើមបានមេដាយមាស ១ គ្រឿង។
– មកដល់ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ លោក កាក់ សីលាបញ្ញា ក៏ចូលរួមការប្រកួតកីឡានរគបាល និង កងពន្លត់អគ្គិភ័យពិភពលោកលើកទី ២០ (The 20th World Police & Fire Games 2023) នៅប្រទេសកាណាដា ដែលប្រកួតលើវិញ្ញាសារការ៉ាតេប្រយុទ្ធឯកត្តជន ដណ្ដើមបានមេដាយមាស ១ គ្រឿង និង ប្រកួតជាក្រុមបានមេដាយសំរឹទ្ធ ១ គ្រឿង៕