ដំណឹងល្អ! ប្រពន្ធរបស់មន្រ្តីសាធារណៈជាសមាជិក ប.ស.ស ក៏អាចទទួលបានប្រាក់មាតុភាព និង សេវាថែទាំបានដែរ
មន្រ្តីរាជការសាធារណៈ បុគ្គលិក អាជីវករ និង ប្រជាពលរដ្ឋទូទៅ បានជ្រាបខ្លះៗរួចមកហើយពីអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម ឬ ប.ស.ស ដែលអ្នកដែលជាសមាជិក អាចពិនិត្យ និងព្យាបាលជំងឺផ្សេងៗជាមួយពេទ្យរដ្ឋ និង ឯកជនដែលជាដៃគូរបស់ ប.ស.ស ដោយមិនតម្រូវឱ្យបង់ប្រាក់នោះទេ។
លើសពីនេះ ស្រ្តីដែលមានផ្ទៃពោះ អាចទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ដូចជាប្រាក់បំណាច់មាតុភាព និង ការពិនិត្យថែទាំអំឡុងពេលមានផ្ទៃពោះ ដោយមិនត្រូវបានគិតថ្លៃឡើយ ជាមួយមន្ទីរពេទ្យដៃគូរបស់ ប.ស.ស ទូទាំងប្រទេស ហើយថែមទាំងទទួលបានប្រាក់ពីការពិនិត្យផ្ទៃពោះត្រលប់ទៅផ្ទះវិញថែមទៀតផង។
តាមសេចក្ដីជូនដំណឹងរបស់បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា ៖ «សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ដែលរួមមាន សហព័ទ្ធ (ប្ដី ឬប្រពន្ធ) និងកូនៗក្នុងបន្ទុក នៅពេលដែលចុះឈ្មោះជាសមាជិក ប.ស.ស. ក្នុងផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ពួកគាត់អាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ នៅមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យឯកជននានា ដែលជាដៃគូ ប.ស.ស. នៅទូទាំងប្រទេស»។
ត្រង់ចំណុចនេះមានន័យថា ប្រពន្ធរបស់មន្រ្តីសាធារណៈ ក៏អាចទទួលបានប្រាក់បំណាច់លំហែមាតុភាពបាន បើសិនជាពួកគាត់ទៅចុះឈ្មោះក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត នៅទីតាំងសាខា ប.ស.ស ទាំងឡាយ ដែលនៅជិតបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមទាំងអស់គ្នា។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់លេខ ១២៨៦ ឬលេខ ១២៩៧៕