កំពូលអ្នករាំអាហ្សង់ទីន ប្រាប់ពីយុទ្ធសាស្ត្រជ្រែកចូលទីផ្សារហ្វេហ្សិននៅកម្ពុជាជាមួយម៉ាកសម្លៀកបំពាក់ COMERCI
ប្រិយមិត្តមួយចំនួនធំប្រាកដជាធ្លាប់បានស្គាល់រួចមកហើយ នូវកំពូលអ្នករាំលំដាប់អន្តរជាតិជនជាតិអាហ្សង់ទីន លោក Eric Comerci ដែលបច្ចុប្បន្នលោកកំពុងធ្វើជាគណៈកម្មការនៅក្នុងកម្មវិធីប្រកួតរាំដ៏ធំមួយនៅកម្ពុជា។ ក្រៅពីជាគណៈកម្មការកម្មវិធីប្រកួតរាំ លោកក៏ជាម្ចាស់ម៉ាកសម្លៀកបំពាក់ COMERCI ដែលបាននាំមកទីផ្សារកម្ពុជាកាលពីឆ្នាំទៅមិញ។
ជាការពិតណាស់ កាលពីឆ្នាំ ២០២៣ លោក Eric បានសម្ពោធខូឡិកហ្សិនថ្មីរបស់ខ្លួននៅទីក្រុងភ្នំពេញ ដោយបានពាំនាំនូវការឌីហ្សាញយ៉ាងពិសេសមកកាន់ទីផ្សារនៅកម្ពុជា។ ដើមឡើយម៉ាកសម្លៀកបំពាក់នេះបានបង្កើតឡើងតាំងពីឆ្នាំ ២០១៧ នៅឯប្រទេសជប៉ុន។ ស្ទីលនៃម៉ាក COMERCI អាចបរិយាយជាភាសាអង់គ្លេស ៤ ពាក្យគឺ artistic, fashion forward, futuristic និង innovative design។
តាមការរៀបរាប់មកកាន់ «ប្រជាប្រិយ» លោក Eric ថាម៉ាក COMERCI តំណាងឱ្យយុវវ័យ ជាការឌីហ្សាញបែបសិល្បៈដែលអាចស្លៀកពាក់បានទាំងបុរស និងនារី។ ចំណែករាងរៅនៃការឌីហ្សាញ រមែងតែស៊ីគ្នាជាមួយទំនោរនិយមថ្មី (trend) និងហ្វេហ្សិនលំដាប់ខ្ពស់ ហើយក៏បត់បែនទៅតាមឧស្សាហកម្មហ្វេហ្សិនទំនើប។ លោក Eric ថាអតិថិជនរបស់លោក ជាប្រភេទមនុស្សដែលហ៊ានស្លៀកពាក់នូវភាពខុសប្លែក មានភាព unique រួមជាមួយទំនុកចិត្តផ្ទាល់ខ្លួនរបស់ពួកគេ។ នេះហើយជារសជាតិរបស់ COMERCI ដែលជាស្ទីលប្លែករួមបញ្ចូលគ្នារវាងទំនើបកម្ម និងហ្វេហ្សិនថ្មីបំផុត។
សម្រាប់កម្ពុជា លោក Eric បានត្រៀមខ្លួនរួចរាល់សម្រាប់ការធ្វើយុទ្ធសាស្ត្រទីផ្សារ តួយ៉ាង ក្នុងមួយឆ្នាំលោកនឹងបញ្ចេញខូឡិកហ្សិនចំនួន ៤ ដង ហើយលោកនឹងបង្កើតជាវីដេអូផ្សព្វផ្សាយ ដោយមានអ្នករាំពាក់សម្លៀកបំពាក់របស់ COMERCI។ រីដេអូនេះនឹងបង្ហាញអំពីភាពបត់បែននៃក្រណាត់ ព្រមទាំងភ្ជាប់មកជាមួយសាច់រឿងនៃខូឡិកហ្សិននីមួយៗផងដែរ។
ទោះទីផ្សារមានការប្រកួតប្រជែង តែជាសំណាងល្អ លោក Eric និងក្រុមការងារតែងតែរិះរកវិធីខុសប្លែកដើម្បីបង្ហាញនូវផលិតផលរបស់ខ្លួន។ ដូចជាពេលសម្ពោធខូឡិកហ្សិនកន្លងមក លោកបានរួមបញ្ចូលតារាបង្ហាញម៉ូដអន្តរជាតិ និងសិល្បករមកពីជំនាញផ្សេងៗគ្នាដូចជា ឌីជេ អ្នករាំ និងអ្នកសម្តែងជាដើម។ មួយវិញទៀត លោកជ្រើសរើសទីតាំងដើរបង្ហាញម៉ូដដែលមានលក្ខណៈប្លែក និងទ្រង់ទ្រាយធំផងដែរ។
ខណៈម៉ាក COMERCI បានបញ្ចេញខូឡិកហ្សិនចំនួនពីរលើករួចមក បច្ចុប្បន្ន លោក Eric បានកំពុងដុតដៃដុតជើងធ្វើការទៅលើខូឡិកហ្សិនជាច្រើន ដើម្បីត្រៀមសម្ពោធខូឡិកហ្សិនថ្មីនាពេលឆាប់ៗខាងមុខ។ កន្លងមក សម្លៀកបំពាក់របស់លោកមានការគាំទ្រពីភ្ញៀវមកពីគ្រប់វិស័យ រាប់តាំងពីតារាល្បីៗក្នុងស្រុក Influencer តារាបង្ហាញម៉ូដ និង អ្នកច្នៃម៉ូដដទៃផងដែរ។
គួរឱ្យដឹងដែរថា មុនមានម៉ាកយីហោផ្ទាល់ខ្លួន ដើមឡើយ លោក Eric បានផ្តើមចេញពីអ្នករាំ និងមានក្តីស្រលាញ់ទៅលើសិល្បៈ។ លោកបានប្រើប្រាស់ទេពកោសល្យបញ្ជ្រាបខ្លួនបន្តិចម្តងទៅក្នុងហ្វេហ្សិន រហូតក្លាយជាអ្នកច្នៃម៉ូដដែលបំផុសគំនិតពី សិល្បៈ ការរាំ ដំណើរកម្សាន្ត ចលនា និង នវានុវត្តន៍ហ្វេហ្សិន ហើយក៏សម្រេចចិត្តបង្កើតម៉ាកសម្លៀកបំពាក់ឈ្មោះថា COMERCI នេះមកដល់សព្វថ្ងៃ៕