កុំយល់ច្រឡំ! ស្ទីលស្លៀកពាក់ Tomboy មិនមែនកើតចេញពីមនុស្សស្រីចរិតប្រុសទេ គឺមានប្រវត្តិផ្សេង
តាមធម្មតាឱ្យតែនិយាយពាក្យថា ថមប៊យ ឬ Tomboy គេនឹងសំដៅដល់មនុស្សស្រីដែលមានអត្តចរិតជាមនុស្សប្រុស និងជាមនុស្សស្រីស្រលាញ់ភេទដូចគ្នា។ ចុះចំណែក ស្ទីលស្លៀកពាក់ Tomboy ដែលមើលទៅដូចមនុស្សប្រុស តើវាកើតចេញពីមនុស្សស្រីដែលមានអត្តចរិតបែបនេះឬ?
ក្រឡេកមកការលេងខ្លួនសព្វថ្ងៃ ចំពោះមនុស្សស្រីដែលចូលចិត្តហ្វេហ្សិនបែប Tomboy ជាធម្មតាតែងចូលចិត្តពាក់អាវកស្រួច, អាវក្រណាត់គុណក្រឡា, អាវក្រណាត់បិទឡេវ, អាវ hoodies, ពាក់មួយកន្តឹប និងស្លៀកខោខូវប៊យជើងធំ ឬខោខូវប៊យបុរស (boyfriend jeans)។ ជាពិសេស មិនភ្លេចឡើយនូវការពាក់ស្បែកជើងឃ្លុបកវែង។ រាប់តាំងពីស្ទីលស្លៀកពាក់តាមដងវិថី (streetwear) រហូតដល់ហ្វេហ្សិនលំដាប់ខ្ពស់ (high fashion) រសនិយមលេងខ្លួនបែប Tomboy តែងតែបោកបក់មកបង្កើតរសជាតិថ្មីនៅក្នុងឧស្សាហកម្មហ្វេហ្សិន។
មែនទែនទៅ ពាក្យថា «Tomboy» វាបានលេចឡើងតាំងពីនៅពាក់កណ្តាលសតវត្សរ៍ទី ១៦ ម្ល៉េះ។ ពាក្យនេះដំបូងឡើយវាប្រើសម្រាប់ក្មេងប្រុសដែលឈ្លើយ និងច្រងេងច្រងាង។ បន្ទាប់មកនៅក្នុងឆ្នាំ ១៩៥០ ពាក្យ Tomboy ត្រូវបានវិវត្តសំដៅទៅលើមនុស្សស្រីវិញ ដោយក្នុងន័យថា a wild, romping girl, who acts like a spirited boy ឬប្រែជារួមឱ្យស្រួលយល់ ក្មេងស្រីដែលមានអត្តចរិតដូចក្មេងប្រុស។
ដោយឡែក ចំពោះស្ទីលស្លៀកពាក់ឬហ្វេហ្សិន Tomboy វិញ វាត្រូវបានផុសឡើងនៅក្នុងយុគសម័យតន្ត្រីហ្សាសទ.វ ១៩៣០ ជាមួយស្ទីលស្លៀកពាក់របស់តារាសម្តែងស្រីអាមេរិកម្នាក់ គឺ នាង Katharine Hepburn ដែលកើតក្នុងឆ្នាំ ១៩០៧ រហូតដល់ឆ្នាំ ២០០៣។ ស្ទីលរបស់នាងគឺស្លៀកខោក្រណាត់ជើងវែង និងទុកសក់ខ្លី ដែលសម័យនោះគេចាត់ទុកវាមិនមែនជាការស្លៀកពាក់របស់មនុស្សស្រី ខណៈដែលមនុស្សស្រីសម័យនោះគេនិយមស្លៀកពាក់ រ៉ូប ស្រោមបារ និងអាវរឹតរាង។
យ៉ាងណាមិញ ស្ទីល Tomboy ត្រូវបានយកមកបើកទំព័រនៅក្នុងឧស្សាហកម្មហ្វេហ្សិន ដោយស្ត្រីជនជាតិបារាំងម្នាក់ឈ្មោះ Gabrielle Bonheur ឬ គេច្រើនស្គាល់ឈ្មោះថា Coco Chanel។ នាងបានរំដោះស្ត្រីនាប៉ែកអឺរ៉ុបចេញពីការស្លៀកពាក់អាវរឹតរាង(Corset) និងសំពត់។ ហើយនាងក៏ជាមាតាបង្កើតម៉ាកយីហោ Chanel ដែលជាម៉ាកហ្វេហ្សិនល្បីល្បាញពាសពេញពិភពលោកផងដែរ។
ហ្វេហ្សិន Tomboy មានការស្លៀកពាក់បែបរលុងស្រួលខ្លួន និងមានផាសុកភាព ដោយប្រើខោកាគីជើងធំ (baggy khakis) ស្លៀកជាមួយអាវយឺត និងពាក់មួយកន្តឹប។ លើសពីនេះមានពាក់អាវរលុងៗដែលមានការឌីហ្សាញក្រណាត់បោះពុម្ពគុណក្រឡាផងដែរ។ ជាទូទៅសម្លៀកបំពាក់ Tomboy ត្រូវតែមានអាវគុណក្រឡា និងអាវសាច់ចាក់គ្របពីលើ។
ការវិវឌ្ឍន៍ជាបន្តបន្ទាប់នៃហ្វេហ្សិន Tomboy បានរួមបញ្ចូលធាតុពីហ្វេហ្សិនផ្សេងៗដូចជា សម្លៀកបំពាក់លើដងវិថី (streetwear)និងសម្លៀកបំពាក់កីឡា (sportwear) ដោយមានប្រើអាវ hoodies, ខោកីឡារឹបជើង (sweatpants) និងស្បែកជើងកីឡា…ជាដើម។ ចំពោះគ្រឿងលម្អអាចប្រើជាការតាបស្ពាយក្រោយផងដែរ។ ពេលស្លៀកពាក់បែប Tomboy យើងនឹងមើលមកមានលក្ខណៈ សាមញ្ញនិយម ស្រួលខ្លួន និងបែបកីឡា ហើយស្ទីលមួយនេះវាតែងតែជាហ្វេហ្សិនដ៏មានប្រជាប្រិយភាពចំណោមអ្នកដែលឱ្យតម្លៃទៅលើផាសុកភាព និងពហុមុខងារនៃទំនោរហ្វេហ្សិន។
ជារួមមក ពាក្យថា Tomboy ដំបូងឡើយវាជាពាក្យប្រើទៅលើក្មេងប្រុសដែលឈ្លើយ និងច្រងេងច្រងាង ហើយក្រោយមក វាបានប្រើសំដៅទៅមនុស្សស្រីដែលមានអត្តចរិតដូចមនុស្សប្រុសវិញ។ ចំណែកស្ទីលស្លៀកពាក់ ឬហ្វេហ្សិន Tomboy វាកើតចេញពីតារាសម្តែងស្រីអាមេរិក និងត្រូវបានម្ចាស់ម៉ាកសម្លៀកបំពាក់ Chanel យកមកបង្កើតជាទំនោរ ឬ Trend នៅក្នុងឧស្សាហកម្មហ្វេហ្សិន។ ដូចនេះហ្វេហ្សិន Tomboy មិនមែនកើតចេញពីមនុស្សស្រីអត្តចរិតប្រុសនោះទេ តែវាជាការស្លៀកពាក់មួយរបស់មនុស្សស្រីដែលរួមបញ្ចូលភាពជាបុរស ឬប្រើសម្លៀកបំពាក់បុរសមកលេងខ្លួននៅលើខ្លួនមនុស្សស្រី។ តែយ៉ាងណាមិញ មកដល់បច្ចុប្បន្ន ហ្វេហ្សិន Tomboy បានក្លាយជាស្ទីលពេញនិយមទាំងមនុស្សស្រី និងមនុស្សស្រីអត្តចរិតមនុស្សប្រុស ឬ Tomboy។ សូម្បីតារាល្បីៗលំដាប់ពិភពលោកដូចជា Rihanna, Tylor Swift, Kristen Stewart, Gigi Hadid និងតារាជាច្រើនរូបទៀត ក៏ចូលចិត្តលេងខ្លួនបែប Tomboy ផងដែរ៕