ផ្អើលពិភពលោកទៀតហើយ! ម៉ាកសម្លៀកបំពាក់ល្បីមួយរបស់អ៊ីតាលី ជ្រើសរើសកម្ពុជាក្នុងយុទ្ធនាការបង្ហាញខូឡិកហ្សិន SS25
Stefano Ricci ត្រូវបានគេស្គាល់ថាជាម៉ាកសម្លៀកបំពាក់ដ៏ល្បីរបស់អ៊ីតាលី ដែលផ្តោតទៅលើសម្លៀកបំពាក់ប្រណីតរបស់បុរស។ ម៉ាកយីហោមួយនេះមិនផ្តោតយកតារាល្បីៗដើម្បីធ្វើជាការផ្សព្វផ្សាយឡើយ ក្រៅតែពីផ្តោតពង្រឹងទៅលើគុណភាពជាចម្បង។
ថ្មីៗនេះ ម៉ាក Stefano Ricci បានធ្វើឱ្យមហាជននៅលើបណ្តាញសង្គមមានការភ្ញាក់យ៉ាងខ្លាំង ដោយបានបង្ហោះវីដេអូ និងរូបភាព ដែលជាការថតម៉ូដបង្ហាញខូឡិកហ្សិនថ្មីសម្រាប់រដូវកាល Spring/Summer 2025 ជាមួយគម្រោងរុករកដ៏អស្ចារ្យនៅកម្ពុជា។
តាមរយៈការបង្ហោះនៅទំព័រហ្វេសប៊ុករបស់ម៉ាក Stefano Ricci ការថតរូប និងវីដេអូនេះ គឺស្ថិតក្នុងគម្រោងដំណើររុករកមួយឈ្មោះថា «Mission Cambodia» ឬ បេសកកម្មកម្ពុជា ដែលជាការសហការគ្នារវាង អ្នកថតរូប លោក Steve McCurry និងម៉ាក Stefano Ricci ដើម្បីគោរពទៅកាន់ប្រវត្តិសាស្ត្រដែលមិនចេះចប់នៃទឹកដីដ៏មហាអស្ចារ្យ។
នៅក្នុងវីដេអូដែលថតម៉ូដសម្លៀកបំពាក់ជាមួយទិដ្ឋភាពតំបន់ទេសចរណ៍នានានៅកម្ពុជា មានឃើញទាំងប្រាសាទ សត្វព្រៃ របាំអប្សរា ទន្លេមេគង្គ និងបឹងទន្លេសាប… លោក Filippo Ricci នាយកប្រតិបត្តិផ្នែកច្នៃប្រតិដ្ឋប្រចំាម៉ាក Stefano Ricci បានចុះមកដល់ផ្ទាល់ និងបាននិយាយថា ៖ «គម្រោងរុករករបស់យើង បានចាប់ផ្តើមជាមួយទស្សនវិស័យថ្មី គឺ Luxury Lifestyle ឬ របៀបរស់នៅប្រណីត ដោយអាចឃើញផ្ទាល់នឹងភ្នែកតាមរយៈធម្មជាតិ និងអ្នកឯកទេសថតរូប»។
លោកបានបន្តទៀតថា ៖ «នៅពេលយើងចាប់ផ្តើមគិតអំពីប្រទេសកម្ពុជា ភ្លាមៗយើងបានគិតដល់ Steve ដែលជាអ្នករុករកដ៏ពិតប្រាកដតាមប្រទេសនានា ទាក់ទងនឹងវប្បធម៌ និងដួងព្រលឹងរបស់មនុស្ស។ កម្ពុជាមានប្រវត្តិសាស្ត្រដ៏សម្បូរបែបដែលផ្តល់ឱ្យខ្ញុំបំផុសគំនិតទៅលើធាតុចំនួន ៤។ ១) ទឹក៖ ទឹកគឺជាប្រភពនៃជីវិតមិនថាប្រភពពីទន្លេមេគង្គ និងបឹងទន្លេសាប។ ថ្មដ៏រឹងមាំនៃប្រាសាទដែលជាស្នាដៃស្ថាបត្យកម្មដ៏ល្អឯកបានឧទ្ទិសទៅកាន់ព្រះ រាប់តាំងពីប្រាសាទបាយ័ន ប្រាសាទព្រះខ័ន រហូតដល់ប្រាសាទតាព្រហ្ម។ ២ និង ៣) ធម្មជាតិ និងសត្វព្រៃ៖ ប្រាសាទបុរាណត្រូវបានការពារដោយព្រៃឈើគឺជាជម្រកដ៏សំខាន់ដូចទៅនឹងគម្រោងរបស់ Kulen Elephant Forest ដែលអភិរក្សសត្វព្រៃផងដែរ។ មួយចុងក្រោយគឺ ជីវិត៖ វាត្រូវបានតំណាងដោយដួងព្រលឹងព្រះសង្ឃ និងរឿងរ៉ាវដ៏ស្រស់ស្អាតនៃប្រជាជនខ្មែរ»។
គួរឱ្យដឹងដែរថា ដំណើររុករក «Mission Cambodia» គឺជាបេសកកម្មលើកទី ៥ ហើយរបស់ម៉ាកសម្លៀកបំពាក់មួយនេះ ខណៈដែលកន្លងមកគេបានធ្វើបេសកកម្មឆ្ពោះទៅកាន់ប្រទេសផ្សេងៗដែលមានប្រវត្តិសាស្ត្រអស្ចារ្យនៅលើពិភពលោក៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖