មកដឹងប្រវត្តិ Sartorial ស្ទីលស្លៀកពាក់ត្រូវចិត្តសុភាពបុរស សាមញ្ញនិយម តែប្រណីតលំដាប់ខ្ពស់
មកដល់បច្ចុប្បន្ន Sartorial នៅតែជាស្ទីលពេញនិយម ខណៈដែលវាបានចាប់កំណើតច្រើនសតវត្សរ៍មកហើយ។ បុរសចូលចិត្តភាពសាមញ្ញ តែមើលទៅប្រណីតលំដាប់ខ្ពស់ តែងតែនិយមលេងខ្លួនជាមួយស្ទីលមួយនេះ។ ពាក្យថា Sartorial វាមកពីពាក្យឡាតាំង «Sartor» ដែលមានន័យថាជាងកាត់ដេរ។
មែនទែនទៅ ស្ទីល Sartorial បានចាប់កំណើតនៅក្នុងសម័យ Renaissance អំឡុងសតវត្សរ៍ទី ១៥-១៦ ជាពេលដែលវប្បធម៌អឺរ៉ុបចាប់ផ្តើមរុងរឿងឡើងវិញ។ គ្រានោះ គេសង្កេតឃើញជាងដេរជាច្រើនបានសាកល្បងនូវការបង្កើតក្រណាត់ថ្មីៗ ព្រមជាមួយតិចនិចដេរថ្មីៗ ដែលជាលទ្ធផលនៃការលេចចេញនូវសម្លៀកបំពាក់យ៉ាងឥតខ្ចោះ និង មើលទៅភ្ញាក់ផ្អើលបំផុត។ កំណើននៃពួកពាណិជ្ជការបានធ្វើឱ្យតម្រូវការនៃការកាត់សម្លៀកបំពាក់មានការកើនឡើង រួមជាមួយការលេងម៉ូដផងដែរ។ នេះហើយជាដើមចមដែលធ្វើឱ្យការស្លៀកពាក់បែប Sartorial មានវត្តមានមកដល់សព្វថ្ងៃ។
ចុះអ្វីទៅជាស្ទីលបែប Sartorial ? បរិយាយឱ្យខ្លី Sartorial មានលក្ខណៈ អេឡេហ្គង់ ទំនើប និង មិនចេះហួសសម័យ។ វាគឺជាស្ទីលដែលអបអរសិល្បៈកាត់ដេរដ៏ក្លាសិក ដែលសម្លៀកបំពាក់នីមួយៗត្រូវបានច្នៃយ៉ាងល្អិតល្អន់រហូតដល់ចេញជាឥតខ្ចោះ។ មូលដ្ឋានគ្រឹះនៃម៉ូដ Sartorial សម្លៀកបំពាក់មិនត្រឹមតែមានភាពស័ក្តិសមប៉ុណ្ណោះទេ តែថែមទាំងត្រូវបានធ្វើឡើងពីវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ និង ជាគុណភាពដែលឆ្លុះបញ្ចាំងពីរយៈពេលសម្រិតសម្រាំងផងដែរ។
ការជ្រើសរើសយកហ្វេហ្សិន Sartorial មកលេងខ្លួន មានន័យថាអ្នកចាប់យក concept មួយដែលផ្តោតទៅលើគុណភាពជាងបរិមាណ។ និយាយឱ្យស្រួលយល់ អ្នកចំណាយទុនលើសម្លៀកបំពាក់គុណភាពខ្ពស់តែ ៣ ទៅ ៤ មុខ អ្នកនឹងមានសម្លៀកបំពាក់ដែលប្រាកដថាអាចស្លៀកពាក់បានយូរ និង ប្រើមិនហួសសម័យ។ ជំនួសឱ្យការទិញសម្លៀកបំពាក់មួយហើយមួយទៀត ស្ទីល Sartorial អ្នកគ្រាន់តែប្រើសម្លៀកបំពាក់ ដូចជា ឈុតអាវធំ អាវក្រៅ និង ខោក្រណាត់ មានគុណភាពខ្ពស់ ពោលក្រណាត់អាចធ្វើពី សូត្រ រោមចៀម ឬ cashmere ជាដើម៕