បុរសៗចង់សាកល្បងលេងខ្លួនបែប Sartorial គួរយល់ដឹងពីចំណុចសំខាន់ ៣ យ៉ាង
ពេលនិយាយដល់ Sartorial គេតែងភ្នកគិតដល់ស្ទីលលេងខ្លួនបែបសាមញ្ញនិយម តែមានលក្ខណៈប្រណីតលំដាប់ខ្ពស់។ Sartorial មើលមកអេឡេហ្គង់ ទំនើប និង មិនហួសសម័យ កាលណាជ្រើសយកហ្វេហ្សិនមួយនេះ គេសន្មតថាអ្នកជ្រើសរើសយកភាពសំខាន់ទៅលើគុណភាព និង ប្រណីតភាព។ ដើម្បីជៀសវាងធ្វើខ្លួនទៅឆ្គងឬភ្លាវ វាពិតជាចាំបាច់ដែលអ្នកគួរស្វែងយល់អំពីលក្ខណៈរបស់វាជាមុនសិន ។ ជាក់ស្តែង បើបុរសចង់សាកល្បងស្លៀកពាក់បែប Sartorial ក្នុងនោះមានលក្ខណៈសំខាន់ ៣ យ៉ាង ដែលអ្នកគួរតែយល់ដឹងអំពីវា។
១. ក្រណាត់គុណភាពខ្ពស់
សម្លៀកបំពាក់ Sartorial ចាប់ផ្តើមពីសម្ភារឬវត្ថុធាតុដើមដែលមានគុណភាពខ្ពស់។ ក្រណាត់របស់សម្លៀកបំពាក់នេះ ជាទូទៅធ្វើឡើងពី សូត្រ រោមចៀម និង cashmere។ ការប្រើក្រណាត់គុណភាពខ្ពស់ វាមិនត្រឹមតែជាភាពថ្លៃថ្នូរ និង ស្តុកស្តម្ភនៃផលិតផលប៉ុណ្ណោះទេ តែថែមទំាងជាគុណសម្បត្តិនៃការប្រើប្រាស់បានយូរផងដែរ។ តួយ៉ាង នៅពេលពាក់សម្លៀកបំពាក់ Sartorial ស្បែករបស់អ្នកនឹងទទួលបានអារម្មណ៍ប្រណីតភាព និង ភាពឥតខ្ចោះបំផុត។
២. សមរាងរៅឥតទាស់
ចំណុចសម្គាល់ដ៏សំខាន់នៃ Sartorial គឺការពាក់ទៅសមរាងរៅឥតខ្ចោះ។ រាល់សម្លៀកបំពាក់ត្រូវបានកាត់ដេរយ៉ាងយកចិត្តទុកដាក់ ផ្ចិតផ្ចង់យ៉ាងណាឱ្យសមាមាត្រគ្នាទាំងផាសុកភាព និង ស្ទាយ៌។ ការពាក់សមឥតខ្ចោះរបស់ហ្វេហ្សិន Sartorial មិនត្រឹមតែបង្កើនសោភណភាពប៉ុណ្ណោះទេ វាថែមទាំងផ្តល់បទពិសោធទៅកាន់អ្នកពាក់ផងដែរ។ ភាពសមឥតខ្ចោះនឹងធ្វើឱ្យអ្នកពាក់មានទំនុកចិត្ត និង ជឿជាក់លើខ្លួនឯង។ វាផ្តល់ផាសុកភាពសម្រាប់សកម្មភាពប្រចាំថ្ងៃ ហើយអាចឱ្យយើងដឹងថា វាប្រើសមស្របទៅតាមកាលៈទេសៈណាមួយជាក់លាក់។
មួយវិញទៀត ភាពសមឥតខ្ចោះ វានឹងបង្ហាញពីស្ទាយ៌របស់បុគ្គល និង ធ្វើឱ្យបុគ្គលមានភាពទាក់ទាញជាមួយភាពលម្អិត។ ភាពលម្អិតមានចំណុចតូចៗដូចជា ឡេវ ថ្នេរ និង ទ្រនាប់ផ្នែកខាងក្នុង ដែលអាចធ្វើឱ្យសម្លៀកបំពាក់មើលមកមានភាពខុសប្លែកទាំងស្រុង។ ដូចនេះនៅពេលជ្រើសរើសសម្លៀកបំពាក់ Sartorial វាពិតជាសំខាន់ដែលអ្នកពាក់គួរយកចិត្តទុកដាក់ទៅលើចំណុចលម្អិតទាំងនេះ។
៣. ស្ទីលមិនហួសសម័យ
មូលដ្ឋានរបស់ស្ទីល Sartorial គឺម៉ូដមិនចេះហួសសម័យ។ អាចថាទោះពាក់ ១០ ទៅ ២០ ឆ្នាំទៅមុខទៀត ក៏សម្លៀកបំពាក់នេះនៅតែទាន់សម័យកាលដដែល។ ស្ទីលក្លាសិករបស់ Sartorial មានដូចជា ឈុតអាវធំឡេវ ៤ (double-breasted suit), ឈុតអាវធំ ៣ ជាន់ (three-piece suit) និង អាវធំវែង trench coat។
ជារួមមក ហ្វេហ្សិន Sartorial មិនមានភាពសាំញុំាច្រើនដូចហ្វេហ្សិនដទៃ ពេលជ្រើសរើសសម្លៀកបំពាក់ យើងគ្រាន់តែផ្តោតទៅលើចំណុចសំខាន់ ៣ យ៉ាងដូចខាងលើ គឺ ក្រណាត់គុណភាពខ្ពស់ ពាក់ទៅសមរាងរៅឥតខ្ចោះ និង ម៉ូដមិនហួសសម័យ។ ទោះស្ទីលនេះសាមញ្ញនិយម តែមើលទៅភ្លឹងស្រស់សង្ហា ស្អាតបែបសុភាពបុរសជាន់ខ្ពស់៕