សាមញ្ញៗ តែផ្ទុះការចាប់អារម្មណ៍ខ្លាំង! ឈុតកូនក្រមុំពហុប្រពៃណី ជាថ្វីដៃច្នៃម៉ូដរបស់បុរសដ៏មានទេពកោសល្យម្នាក់នេះ
ថ្មីៗនេះ នៅលើបណ្តាញសង្គមមានការចែកចាយយ៉ាងច្រើននូវរូបភាពឈុតកូនក្រមុំប្រពៃណីខ្មែរ ដែលត្រឹមតែសម្លៀកបំពាក់ប្រមាណ ៥ ឈុត ម៉ូដមើលទៅសាមញ្ញ តែមហាជនមានការចាប់អារម្មណ៍ខ្លាំង។ ជាការពិតណាស់ ឈុតសម្លៀកបំពាក់នេះគឺជាកម្រងម៉ូដនៃខូឡិកហ្សិន Revamp haute-á-porter 2024-2025 របស់ម៉ាក SOKNAN Atelier ដែលជាម៉ាកយីហោសម្លៀកបំពាក់នារីប្រណីតបង្កើតឡើងដោយកូនខ្មែរ។
សម្រាប់ការបង្ហាញខូឡិកហ្សិននេះ SOKNAN Atelier មិនត្រឹមតែបង្ហាញឈុតកូនក្រមុំប្រពៃណីប៉ុណ្ណោះទេ តែថែមទាំងមានម៉ូដជាច្រើនទៀតដែលផ្តោតលើឈុតអាពាហ៍ពិពាហ៍ផងដែរ។ ជាក់ស្តែង តាមការបង្ហោះនៅលើទំព័រហ្វេសប៊ុក SOKNAN Atelier ម្ចាស់ម៉ាកយីហោបានរៀបរាប់ថា៖ «កម្រងឈុត Revamp មាន ៣ ប្រភេទផ្តោតលើឈុតអាពាហ៍ពិពាហ៍ដែលមិត្តនារីៗតែងតែប្រាថ្នាចង់បានរួមមាន៖ ឈុតកូនក្រមុំពហុប្រពៃណី រ៉ូបរាត្រីរបស់កូនក្រមុំ និង ឈុតប្រពៃណីរបស់ភ្ញៀវនារីៗដែលចូលរួមពិធីអាពាហ៍ពិពាហ៍។ រាល់ម៉ូដទាំងអស់ មិនថាសំពត់ហូលឬរ៉ូបសកូនក្រមុំ គឺសុទ្ធតែត្រូវបានរចនាឡើងដោយផ្ដល់តម្លៃលើស្នាដៃរចនាម៉ូដពីអតីតកាល ហើយបានផ្សារភ្ជាប់មកបច្ចុប្បន្នភាព ក្រោមទម្រង់កាយវិការមួយដែលសបង្ហាញពីការគោរពដល់មរតកវប្បធម៌ដើម និង ស្មារតីស្វាហាប់នៅក្នុងការឈោងបានក្បាច់រចនាទំនើបៗឱ្យស្របទៅនឹងការវិវត្តន៍នៃអាពាហ៍ពិពាហ៍សម័យថ្មីក្នុងប្រទេសកម្ពុជា»។
មកដឹងអំពីអ្នករចនាម៉ូដ និង ជាម្ចាស់ម៉ាកយីហោខាងលើ ត្រូវបានគេស្គាល់ឈ្មោះថា ណាត សុខណាន លោកគឺជាអ្នកច្នៃម៉ូដសម្លៀកបំពាក់អាពាហ៍ពិពាហ៍ និង រ៉ូបរាត្រីសមោសដែលមានបទពិសោធយូរឆ្នាំ ហើយក៏ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ផងដែរ។ ជាមួយបច្ចេកទេសច្នៃម៉ូដ លោកតែងតែប្រើប្រាស់សម្ភារមានគុណភាពខ្ពស់មកពីប្រទេសនានាលើពិភពលោក។ ក្រៅពីបញ្ចេញខូឡិកហ្សិនសម្រាប់ម៉ាករបស់ខ្លួនតាមរដូវកាល កន្លងមកលោកធ្លាប់បានដាក់បង្ហាញសម្លៀកបំពាក់នៅក្នុងកម្មវិធីល្បីៗជាច្រើនទាំងក្នុង និង ក្រៅប្រទេសរួមមាន Kaula Lumpur Fashion week, Jarkata Fashion Week និង កម្មវិធីធំៗជាច្រើនទៀត៕