![ឡូយខ្លំាង! តារាចម្រៀង នីកូ ច្នៃឈុតហ្វេហ្សិនបំផុសគំនិតពីជនជាតិដើមភាគតិច ប្លែកទាក់ភ្នែកអស់ទាស់](https://www.popular.com.kh/wp-content/uploads/2024/07/Master-for-Web-2.jpg)
ឡូយខ្លំាង! តារាចម្រៀង នីកូ ច្នៃឈុតហ្វេហ្សិនបំផុសគំនិតពីជនជាតិដើមភាគតិច ប្លែកទាក់ភ្នែកអស់ទាស់
ជនជាតិដើមភាគតិច គឺជាជនជាតិដែលរស់នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ហើយជនជាតិទាំងនោះ បង្ហាញនូវឯកភាពជាតិពន្ធុ សង្គម វប្បធម៌ និង សេដ្ឋកិច្ច ប្រតិបត្តិរបៀបរស់នៅតាមប្រពៃណី និង ការដាំដុះលើដីដែលខ្លួនកាន់កាប់ទៅតាមក្បួនខ្នាត ទំនៀមទម្លាប់នៃការប្រើប្រាស់ដីជាសមូហភាព។ ការស្រាវជ្រាវបានសន្និដ្ឋានថា នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានជនជាតិដើមភាគតិចដូចជា ព្នង កួយ ទំពូន ចារាយ គ្រឹង ព្រៅ កាវ៉ែត ស្ទៀង ក្រោល មិល កាចក់ ព័រ ខោញ ជង សួយ លុន រដែ ខិ រអេង ស្តុង សំរែ និងជាជាតិដើមភាគតិចផ្សេងៗទៀត។ បងប្អូនជនជាតិដើមភាគតិចទាំងអស់រស់នៅក្នុងខេត្តមួយចំនួនដូចជា រតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង សៀមរាប…ជាដើម។
យ៉ាងណាមិញ ថ្មីៗនេះតារាចម្រៀងសង្ហា នីកូ ដែលល្បីពូកែច្នៃម៉ូដសម្លៀកបំពាក់ លោកបានច្នៃឈុតសម្លៀកបំពាក់បែបហ្វេហ្សិនដ៏ប្លែកភ្នែក ដែលជាការបំផុសគំនិតចេញពីស្លៀកពាក់ប្រពៃណីរបស់ជនជាតិដើមភាគតិច។ ជាក់ស្តែង នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Road 2the Star រដូវកាលទី ៣ ដែលជាកម្មវិធីប្រកួតប្រជែងសមត្ថភាពសិល្បៈ តារាចម្រៀង នីកូ ដែលជាគណៈកម្មការនៅក្នុងកម្មវិធីផងនោះ លោកបានច្នៃឈុតសម្លៀកបំពាក់ប្រមាណជាង ១០ ឈុត ដោយឱ្យបេក្ខភាពប្រកួតជាអ្នកដើរបង្ហាញម៉ូដផ្ទាល់តែម្តង។
សម្លៀកបំពាក់ពីមួយទៅមួយមើលមកមានលក្ខណៈហ្វេហ្សិនលំដាប់ខ្ពស់ យើងបានចាប់អារម្មណ៍ឃើញថា ឈុតទាំងអស់បានប្រើពណ៌ខ្មៅជាគោល រីឯអត្តសញ្ញាណជនជាតិដើមភាគតិចត្រូវបានរំលេចតាមរយៈការប្រើពណ៌លេចៗ។ តួយ៉ាង នៅលើសម្លៀកបំពាក់ មានប្រើម៉ូដជាខ្សែចង ខ្សែររណែងរណោង និង ម៉ូដឆ្នូតឬជាយផ្សេងៗនៃសម្លៀកបំពាក់របស់ជនជាតិភាគតិច។ លើសពីនេះ សូម្បីគ្រឿងលម្អដូចជា ខ្សែក ក្រវិល ក៏ត្រូវបានលម្អិតទម្រង់ប្រពៃណីលាយផ្សំសម័យទំនើប បង្កើតបានជាហ្វេហ្សិនបែបសហសម័យគួរឱ្យចាប់អារម្មណ៍បំផុត។
ការបង្ហាញម៉ូដនេះ តារាចម្រៀង នីកូ ក៏បានចូលរួមសម្តែងបើកឆាកផងដែរ។ លោកបានសម្តែងអមជាមួយនារីជនជាតិភាគតិច ដែលធ្វើឱ្យអ្នកទស្សនាបានឈ្វេងយល់អំពីប្រពៃណីជនជាតិដើមភាគតិចផង ភាពច្នៃប្រតិដ្ឋផង ហើយបានស្គាល់ពីស្ទីលហ្វេហ្សិនបែបសហសម័យដែលបង្កើតឡើងដោយកូនខ្មែរយើងពិតៗផងដែរ៕