ទឹកអប់សុនកតម្លៃតែជាង ១០០ ដុល្លារ ទើបចេញថ្មីពីម៉ាក D&G ទិញបាញ់ឱ្យកូនគីគី ម្នាក់មួយទៅ!
អ្នកស្រឡាញ់សត្វទើបយល់អារម្មណ៍មួយនេះ។ ជាទូទៅ អ្នកចិញ្ចឹមសត្វសុនក តែងចាត់ទុកវាដូចជាគ្រួសារ ទិញនេះ ទិញនោះឱ្យ រាប់តាំងពីចំណីចំណុករហូតដល់សម្លៀកបំពាក់ និង គ្រឿងតុបតែងលម្អ។ យ៉ាងណាមិញ ឥឡូវនេះអ្នកស្រលាញ់សុនកនឹងកាន់តែរំភើបចិត្តថែមទៀត ដោយថ្មីៗនេះ ម៉ាកហ្វេហ្សិនដ៏ល្បីរបស់អ៊ីតាលី Dolce & Gabbana បានបញ្ចេញទឹកអប់ថ្មីសន្លាង ជាទឹកអប់ដ៏ពិសេសសម្រាប់សុនក ទាំងក្លិន ទំាងតម្លៃ មិនឱ្យចាញ់ទឹកអប់សម្រាប់មនុស្សឡើយ។
ទឹកអប់សុនកថ្មីរបស់ Dolce & Gabbana ត្រូវបានដាក់ឈ្មោះថា «Fefé»។ ឌីហ្សាញរូបរាងជាមួយដបពណ៌បៃតងដ៏គួរឱ្យស្រលាញ់ គ្របដោយគម្របពណ៌ក្រហម និង លេងម៉ូដ Logo ធ្វើពីមាស 24K វាត្រូវបានបំផុសគំនិតក្រោមពាក្យថា «unconditional love» ឬ «ក្តីស្នេហាគ្មានលក្ខខណ្ឌ» ដោយ លោក Domenico Dolce អ្នកច្នៃម៉ូដដ៏ល្បីប្រចាំម៉ាកផ្ទាល់។
ទឹកអប់លំដាប់សម្រាប់សុនកនេះ ធ្វើឡើងជាពិសេស គ្មានជាតិអាកុល មកជាមួយក្លិនក្រអូបបែបស្រទន់នៃផ្កាក្តាំងងា លាយឡំក្លិនដ៏ទន់ភ្លន់នៃចន្ទន៍ក្រស្នា។ ក្លិននេះត្រូវបានបង្កើតឡើងដោយ អ្នកឯកទេសទឹកអប់ល្បីល្បាញ Emilie Coppermann។
ចំពោះរបៀបប្រើ ងាយៗដោយគ្រាន់តែបាញ់ទឹកអប់ដាក់លើបាតដៃ ឬមួយបាញ់ដាក់ក្រាសសិត បន្ទាប់មកយកមកត្រដុសឬសិតនៅលើខ្លួនសុនកចាប់ពីក្បាលរហូតដល់កន្ទុយ ជាការស្រេច។ ជៀសវាងតំបន់ច្រមុះ។ ចំណែកតម្លៃវិញ ទឹកអប់ Dolce & Gabbana ឈ្មោះថា «Fefé» នេះ មានតម្លៃ ១០៩ ដុល្លារក្នុងមួយដប ក្នុងចំណុះ 100 ml៕
ប្រភព៖ Dolce & Gabbana