ចូលរួមកម្មវិធីឡើងលំដាប់ តែតារាសម្តែងហូលីវូដ Cate Blanchett បែរជាពាក់អាវធ្វើពីស្លាបព្រាចាស់ៗទៅវិញ
នាង Cate Blanchett ត្រូវបានគេស្គាល់ថា ជាតារាសម្តែងជនជាតិអូស្ត្រាលីដ៏ល្បី និង ជាផលិតករភាពយន្ត។ ហើយដែលសំខាន់ នាងក៏ជាតារាសម្តែងដែលឈ្នះពានរង្វាន់អូស្ការផងដែរ។
ថ្មីៗនេះ នាងបានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយកាលពីថ្ងៃ អង្គារ កន្លងទៅ នាងបានចូលរួមកម្មវិធីជួបជុំហ្វេនដ៏ធំមួយគឺ «Borderlands» ដោយនៅលើកម្រាលព្រំ នាងបានពាក់ឈុតមានជាអាវធ្វើឡើងពីស្លាបព្រាចាស់ៗដែលគេប្រើរួច ខណៈដែលក្រឡេកទៅតារាផ្សេងៗ គេលេងខ្លួនសុទ្ធតែឈុតឡូយឆាយយ៉ាងប្រណីត។
ជាការពិត អាវសុសទៅដោយស្លាបព្រាពាក់ដោយ Cate Blanchett នេះបានធ្វើឡើងពីស្លាបព្រារហូតដល់ទៅ ១០២ ស្លាបព្រាឯណោះ។ អ្វីដែលសំខាន់ វាមិនមែនជាអាវធម្មតាៗនោះទេ ពោល វាជាអាវមកពីប្រ៊េនដ៏ល្បីរបស់ស៊ុយអែត ដែលគេស្គាល់ឈ្មោះម៉ាកថា Hodakova។ អាវនេះត្រូវបានច្នៃម៉ូដដោយសិល្បករ Ellen Hodakova Larsson ដែលជាអ្នកប្រមូលស្លាបព្រាបុរាណតាមទីជនបទនៅប្រទេសស៊ុយអែត។
តារាសម្តែង Cate Blanchett ត្រូវបានគេដឹងថា នាងជាមនុស្សមានមនសិការទៅលើការប្រើប្រាស់របស់របរឡើងវិញ។ ជាក់ស្តែង កន្លងមកនាងបានស្លៀកពាក់ឈុតដដែលៗទៅក្នុងកម្មវិធីផ្សេងៗគ្នា ដែលនេះជារឿងកម្រកើតឡើងសម្រាប់តារាល្បីៗនៅក្នុងវិស័យហូលីវូដ។ ដូចកាលពីឆ្នាំមុន នាងបានពាក់ឈុតម៉ាក Alexander McQueen ទៅចូលរួមកម្មវិធីសម្ពោធរឿង ខណៈដែលគម្លាតបួនឆ្នាំមុននាងក៏ធ្លាប់បានពាក់ឈុតម៉ាកនេះម្តងរួចមកហើយ៕