ចង់ភ្លឹងអ៊ីចឹង សុភាពបុរសស្រឡាញ់ស្ទីល Sartorial ត្រូវដឹងពីច្បាប់ទាំង ១០ នេះ!
ស្ទីលលេងខ្លួននីមួយៗមានរបៀបរបប បែបផែន និង ក្បួនច្បាប់របស់វា។ កាលណាយល់ច្បាស់ពីច្បាប់របស់ស្ទីល វាអាចឱ្យយើងរៀបចំខ្លួនចេញមកមិនភ្លាវ ហើយច្បាស់លាស់ល្អ។ ជាក់ស្តែង ដូចជាស្ទីល Sartorial ដែលសុភាពបុរសនៅកម្ពុជាកំពុងពេញនិយម ស្ទីលនេះមើលមកស្អាតបែបអេឡេហ្គង់ ទំនើប និង មិនចេះហួសសម័យ។ ប្រសិនបើសុភាពបុរសចង់លេងខ្លួនជាមួយស្ទីលនេះ អ្នកគួរគប្បីស្វែងយល់អំពីច្បាប់របស់វា ដែលមាន ១០ ចំណុចដូចខាងក្រោម៖
១. វិនិយោគលើសម្លៀកបំពាក់ដែលអាចពាក់ចូលគ្នាបាន មានដូចជា៖ អាវសាច់ក្រណាត់ពណ៌ស, អាវធំពណ៌ទឹកប៊ិកក្រមៅ ខោជីណូ( Chino) រើសក្រណាត់ដែលអាចពាក់បានគ្រប់កាលៈទេសៈ ពោលអាចស្លៀកពាក់បានទាំងចូលរួមកម្មវិធី និង ពាក់ទូទៅ។
២. ជ្រើសរើសសម្លៀកបំពាក់ដែលស័ក្តិសមជាមួយឈុតអាវធំ ដោយសារអាវធំអាចប្រើបានយូរអង្វែង និង នៅតែទាន់សម័យ។
៣. ប្រើពណ៌ស្រាលៗអាចចុះចំណោមទូទៅ ខណៈពណ៌លេចៗគួរប្រើតែពេលវិស្សមកាល ឬកម្មវិធីពិសេស។
៤. ជ្រើសរើសសម្លៀកបំពាក់ដែលមានគុណភាពខ្ពស់ ព្រមជាមួយត្រូវនឹងរាងរៅ ដែលវានឹងប្រើបានយូរឆ្នាំមិនចេះសាប (តែត្រូវរក្សារាងផងណា៎!)។
៥. ត្រូវចេះអនាម័យ និង រៀបចំខ្លួនឱ្យស្អាតភ្លឹងៗ ដោយឧស្សាហ៍ទៅហាងកាត់សក់ និង ថែសម្រស់ ដើម្បីប្រាកដថាមើលមកឥតខ្ចោះ។
៦. រក្សាសម្លៀកបំពាក់ឱ្យស្អាតភ្លឹង គ្មានស្នាមប្រឡាក់ គ្មានរហែក គ្មានក្លិនអាក្រក់ ជាពិសេសអាវធំត្រូវដាក់បោកស្ងួត ចំណែកស្បែកជើងត្រូវខាត់ឱ្យភ្លឺរលោង។
៧. ស្លៀកពាក់ឱ្យត្រឹមត្រូវទៅតាមវ័យ ទៅតាមអាជីព និង ទៅតាមកាលៈទេសៈ។ សំខាន់ត្រូវតែជាស្ទីលរបស់ខ្លួន។
៨. ប្រើគ្រឿងលម្អលើសម្លៀកបំពាក់ឱ្យត្រូវទៅនឹងស្ទីលរបស់ខ្លួន។ គ្រឿងលម្អជាផ្នែកមួយដែលបង្ហាញពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន។
៩. ទាំងស្លៀកបំពាក់ និង គ្រឿងតុបតែងលម្អ ត្រូវជ្រើសរើសប្រភេទដែលអាចប្រើបានគ្រប់រដូវកាល ប្រើបានយូរឆ្នាំមិនចេះហួសម៉ូដ។ និយាយរួម គិតយកគុណភាពលើគុណភាព។
១០. ស្លៀកពាក់អ្វីដែលខ្លួនមានមោទកភាព ដោយហេតុវានឹងបន្ថែមទំនុកចិត្តនៅពេលបង្ហាញខ្លួន៕