ឆ្វាចណាស់! មាន សូនីតា ប៉ះគ្នាជាមួយ ប៊ី សុធារី គ្រងឈុតក្រមាដើរលើកម្រាលព្រំក្រហម ម្នាក់ៗស្អាតខ្លាំង
ថ្មីៗនេះ កាលពីថ្ងៃ ២៤ ខែ សីហា កម្មវិធីមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២ បានប្រព្រឹត្តឡើងយ៉ាងគគ្រឹកគគ្រេង ដោយមានការចូលរួមច្រើនកុះករពីសិល្បករសិល្បការិនី។ នៅរាត្រីកម្មវិធីកម្រាលព្រំក្រហម និង ប្រគល់ពានរង្វាន់ ចំណោមសិល្បករជាច្រើន ឃើញថាតារាសម្តែង មាន សូនីតា និង ម្ចាស់មកុដ Miss Grand Cambodia 2024 បាននាំគ្នាគ្រងឈុតរ៉ូបក្រមាយ៉ាងប្លែកភ្នែក មើលមកមានភាពលេចធ្លោជាខ្លាំង។
ជាក់ស្តែង រាជិនីក្រមា មាន សូនីតា នាងបានស្លៀករ៉ូបក្រមាពណ៌ស្វាយ ឆែកត្រឹមភ្លៅ លេងម៉ូដស្រោមដៃ រួមភ្ជាប់ជាស្បៃគ្របពីក្រោយអូសដី មើលមកពិតជាអេឡេហ្គិនបំផុត។ បន្ថែមភាពលម្អិតសម្រាប់ឈុតនេះ នាងបានពាក់ខ្សែកឌិនរូបមេអំបៅ រួមជាមួយការប្រើបូក្រមាលើសក់ជាគ្រឿងលម្អផងដែរ។
ជាមួយឈុតនេះ តាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់នាង ឈុតនេះមានឈ្មោះថា មេអំបៅ។ នាងបានសរសេររៀបរាប់ផងដែរថា៖ «នាងខ្ញុំសុំបង្ហាញមេអំបៅពណ៌ស្វាយនេះម្តង មិនត្រឹមតែមានភាពស្រស់ស្អាត ជាមួយនឹងសេរីភាពតែប៉ុណ្ណោះទេ ក៏ប៉ុន្ដែបានបង្កប់នូវថាមពលនៃការផ្លាស់ប្តូរ និង សមត្ថភាពដ៏អស្ចារ្យដែលយើងអាចសម្រេចបានដល់គោលដៅមួយ ដែលយើងចង់បាននៅពេលដែលយើងជឿជាក់លើខ្លួនឯង»។
ក្រឡេកមកម្ចាស់មកុដ Miss Grand Cambodia 2024 កញ្ញា ប៊ី សុធារី វិញ នាងបានគ្រងឈុតរ៉ូបក្រមាពណ៌ខៀវរឹបរាង ត្រង់ជើងចាប់ជាម៉ូដរីកធំ។ អ្វីដែលជាការលម្អិតនៅលើរ៉ូបនេះ មានលេងម៉ូដហាយឡាយឆ្នូតក្រមាពណ៌ផ្កាឈូក ពណ៌ស្វាយ និង ពណ៌ផ្ទៃមេឃ។ ជាពិសេសត្រង់ចង្កេះផ្នែកខាងក្រោយ ភ្ជាប់មកជាមួយបូពណ៌ផ្កាឈូកដ៏ធំផងដែរ។ ជាមួយឈុតនេះ ប៊ី សុធារី ពិតជាស្រស់ស្អាត មានមន្តស្នេហ៍ បីដូចបុប្ផាមួយទងដែលកំពុងរីក។ ចុះសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរចំពោះឈុតក្រមាបែបច្នៃប្រតិដ្ឋនេះ?៕