អ៊េមណាស់! ឈុតជប៉ុន គីម៉ូណូ ច្នៃជាសម្លៀកបំពាក់ហ្វេហ្សិនស្ទីលថ្មី មានហើយនៅទីក្រុងភ្នំពេញ
TATZU គឺជាម៉ាកសម្លៀកបំពាក់ដែលប្រើឈុតប្រពៃណីជប៉ុន គីម៉ូណូ (Kimono) មកឌីហ្សាញបង្កើតជាសម្លៀកបំពាក់ស្ទីលថ្មី ប្លែក លេងខ្លួនបែបហ្វេហ្សិនបំផុត។ ម៉ាកនេះបានបង្កើតឡើងដោយអ្នកច្នៃម៉ូដហ្វេហ្សិន និង ជាអ្នកធ្វើពុម្ពសម្លៀកបំពាក់ជនជាតិជប៉ុន។
ជាក់ស្តែង ថ្មីៗនេះ ម៉ាក TATZU បានធ្វើកម្មវិធីបង្ហាញម៉ូដខូឡិកហ្សិនរបស់ខ្លួននៅទីក្រុងភ្នំពេញ។ ក្នុងនោះគេឃើញម៉ូឌែលកម្ពុជាយើងច្រើនរូប បានដើរបង្ហាញម៉ូដខូឡិកហ្សិនផងដែរ។ ឈុតភាគច្រើនប្រើពណ៌ខ្មៅ និង មានរំលេចពណ៌ក្បាច់សណ្ឋានផ្សេងៗ ដែលយើងអាចសម្គាល់បានថា ជាសិល្បៈប្រពៃណីរបស់ជប៉ុន។
តាមរយៈទំព័រហ្វេសប៊ុក TATZU ម៉ាកនេះផលិតសម្លៀកបំពាក់ហ្វេហ្សិនសម្រាប់យុគ្គសម័យថ្មី ជាមួយស្ទីល COOL YANKEE ដូចជាអាវធំ Collar Jacket និង ខោជើងធំ sarouel pants រំលេចការរចនាដោយពណ៌ចម្រុះ អមនឹងសិល្បៈគំនូរលើក្រណាត់ Tomesode របស់ជប៉ុន។
គោលបំណងបង្កើតសម្លៀកពាក់នេះ ម៉ាក TATZU ចង់ចែករំលែកមរតកវប្បធម៌សម្លៀកបំពាក់គីម៉ូណូទៅកាន់ពិភពលោក ដោយប្រើសម្លៀកបំពាក់គីម៉ូណូច្នៃឡើងវិញតែម្តង។
ចំពោះចង្វាក់ផលិតកម្មវិញ គឺធ្វើឡើងនៅរាជធានីភ្នំពេញ ដែលយើងអាចឆ្ពោះទៅដល់កន្លែងផ្ទាល់។ នៅហាងមានលក់សម្លៀកបំពាក់គីម៉ូណូច្នៃឡើងវិញច្រើនបែប ហើយលើសពីនេះ យើងក៏អាចកុម្មង់ច្នៃម៉ូដទៅតាមតម្រូវការផងដែរ។
គួរឱ្យដឹងដែរថា ម៉ាក TATZU នឹងបង្កើត Trend ឬទំនោរនិយមថ្មី ដោយនាំយកស្ទីលដែល Unique ទៅកាន់ពិភពលោក តាមរយៈការបង្កើតកម្មវិធីបង្ហាញម៉ូដ និង ហាង pop-up store នៅតាមបណ្តាប្រទេសផ្សេងៗ។ និយាយរួម យើងអាចទិញដល់កន្លែងផ្ទាល់មានម៉ូដស្រាប់ក៏បាន កុម្មង់ម៉ូដថ្មីក៏បាន ឬអាចទិញតាមអនឡាញក៏បានផងដែរ៕