យុវជនពីររូបបង្កើតអលង្ការទំនើប ភ្ជាប់មកជាមួយក្បាច់ខ្មែរ ពាក់មកទាក់ទាញខ្លាំង
ខ្សែដៃ ខ្សៃក ជាគ្រឿងលម្អខ្លួន ត្រូវបានកូនខ្មែរពីររូបគឺ លោក ខេង វ៉ាន់លាប និង លោក នូ វិចិត្រ ហៅ Pros nix បង្កើតជាគ្រឿងអលង្ការម៉ូដទាន់សម័យមួយបែប ដោយភ្ជាប់មកជាមួយម៉ូដក្បាច់ខ្មែរយ៉ាងប្រណីត។ គ្រឿងអលង្ការទំនើបរំលេចក្បាច់ខ្មែរនេះ អ្នកទាំងពីរបានបង្កើតជាម៉ាកយីហោឈ្មោះថា Alanka ឬ អលង្ការ។
គ្រឿងអលង្ការម៉ាក Alanka បានបង្កើតឡើងតាំងពីឆ្នាំ ២០១៧ បើកគិតមកទល់ពេលបច្ចុប្បន្ន មានរយៈពេលប្រមាណ ៧ ឆ្នាំមកហើយ។ មុនពេលបង្កើត ដំបូងឡើយ លោក ខេង វ៉ាន់លាប និង លោក នូ វិចិត្រ គ្រាន់តែជាអ្នកចូលចិត្តទិញខ្សែកខ្សែដៃ ដែលមានលក់នៅលើទីផ្សារប៉ុណ្ណោះ។ អ្វីដែលជាគំនិតផុសឡើង គឺដោយសារអ្នកទាំងពីរសង្កេតឃើញថា ក្បាច់រចនារបស់ខ្មែរយើងពីបុរាណកាលមក មានភាពស្រស់ស្អាត និង ពេញនិយមពីសំណាក់ទាំងក្នុង និង ក្រៅប្រទេស។ អ្នកទាំងពីរបានចាប់ផ្តើមព្រាងជាគំនិតរូបរាង ហើយក៏បានជួបគ្នា និង សហការគ្នាបង្កើតម៉ាកគ្រឿងអលង្ការនេះឡើងតែម្តង។
គោលបំណងនៃការបង្កើតគ្រឿងអលង្ការប្រភេទនេះ អ្នកទាំងពីរចង់បង្ហាញពីស្នាដៃកូនខ្មែរ ដែលចាប់យកក្បាច់រចនារបស់ខ្មែរ មកកែច្នៃទៅជាគ្រឿងលម្អខ្លួនទៅតាមសម័យកាលទំនើប ហើយថែមទាំងចង់ជាចំណែកតូចមួយ ក្នុងការថែរក្សាក្បាច់ខ្មែរឱ្យរស់រានទៅតាមអ្វីដែលអាចធ្វើបាន។
គ្រឿងអលង្ការម៉ាកនេះ ផលិតជាគ្រឿងបំពាក់ពីរយ៉ាង គឺខ្សែក និង ខ្សែដៃ ដោយប្រើវត្ថុធាតុដើម ៣ ប្រភេទគឺ ស្បែក ដែកអ៊ីណុក (stainless steel) និង ថ្មធម្មជាតិ។ ចំពោះខ្សែដៃមានបែងចែកជា ៣ ប្រភេទទៀតគឺ ខ្សែដៃអង្កាំប្រភេទយឺត ប្រភេទក្រង និង ប្រភេទស្បែក។ ផលិតផលនេះទៀតសោតធ្វើការច្នៃម៉ូដ ដោយដកស្រង់រចនាប័ទ្មខ្មែរ បូករួមបញ្ចូលទំនោរនិយម(trend)ពីបរទេស បង្កើតបានជាផលិតផលមួយដែលមានលក្ខណៈពិសេស និង លេចធ្លោ។
ជាការពិតអលង្ការដកស្រង់ពីក្បាច់ខ្មែរ មើលមកពិតជាមានភាពទាក់ទាញខ្លាំង។ ជាក់ស្តែង ម៉ូដ Pka Chan ត្រូវបានដកស្រង់ពីក្បាច់ផ្កាចន្ទន៍ ដែលមានឆ្លាក់នៅលើប្រាសាទ។ ម៉ូដ Column ត្រូវបានរចនាយកលំនាំតាមសសរវត្តចាស់បុរាណមួយនៅក្នុងខេត្តបាត់ដំបង និង បានផ្សំជាមួយក្បាច់ដទៃទៀតបញ្ចូលគ្នាផងដែរ។ ម៉ូដ Angkorian Charm ត្រូវបានរចនាយកលំនាំពីក្រឡាសំពត់របស់ចម្លាក់អប្សរា ដែលមាននៅប្រាង្គប្រាសាទអង្គរវត្ត។ ចំណែក ម៉ូដ Chhouk ដកស្រង់ពីត្របកឈូកតំណាងឱ្យការត្រាស់ដឹង សម្រស់ និង ភាពរុងរឿង។
គ្រឿងអលង្ការនេះ ស្ថាបនិកទាំងពីរមានគោលដៅច្បាស់លាស់ ដោយតម្រូវអតិថិជនដែលមានវ័យចន្លោះពី ១៥ ឆ្នាំដល់ ៣៥ ឆ្នាំ ទាំងបុរស និង នារី ហើយជាអ្នកចូលចិត្តភាពស៊ីវិល័យ ជាពិសេស ជាអ្នកស្រលាញ់ផលិតផលដែលជាស្នាដៃកូនខ្មែរ៕