មកដឹងហ្វេហ្សិន ១០ ឆ្នាំចុងក្រោយរបស់ ឱក សុគន្ធកញ្ញា ហ្វេនៗអាចប្រើជាស្ទីលលេងខ្លួនទៅមើលខនសឺតបាន
នៅសល់តែប៉ុន្មានថ្ងៃទៀត ការប្រគំតន្ត្រីរបស់កំពូលតារាចម្រៀងស្រីជួរមុខនៅកម្ពុជា ឱក សុគន្ធកញ្ញា នឹងឈានមកដល់។ ជាការប្រគំតន្ត្រី Solo ដំបូង និង អស្ចារ្យបំផុតនេះ អ្នកដែលជាហ្វេនៗ មិនគួរភ្លេចឡើយនូវការលេងខ្លួនជាស្ទីលរបស់អាយដល ដើម្បីទៅទស្សនាផ្ទាល់។ ដូច្នេះដើម្បីជាគំនិតក្នុងការរៀបចំខ្លួន យើងសូមបង្ហាញពីស្ទីលសំខាន់ៗ ដែលជាអត្តសញ្ញាណរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ដោយផ្អែកលើការបង្ហាញខ្លួនរបស់នាង នារយៈពេល ១០ ឆ្នាំចុងក្រោយនេះ៖
១. ស្ទីលបែប Rock
ការលេងខ្លួនបែបតន្ត្រីរ៉ុក លាយឡំស្ទាយ៌ Punk មើលមកកាចៗប្រកបដោយថាមពល។ អាចប្រើជាអាវក្រៅស្បែក ខោបំណះ ស្បែកជើងកវែង និង មានគ្រឿងលម្អដែកផងដែរ។
២. ស្ទីល Tomboy
មិនថាជីវិតប្រចាំថ្ងៃឬនៅលើឆាក តាមការសម្គាល់ ឱក សុគន្ធកញ្ញា ចូលចិត្តប្រើសម្លៀកបំពាក់បែបរលុងៗ ជាពិសេសសម្លៀកបំពាក់កីឡា។ រាល់ពេលលេងឈុតនេះ នាងតែងមិនភ្លេចឡើយជាមួយមួកកន្តឹប និង មួកចាក់។
៣. ឈុតភ្លឺរលោងចែងចាំង
ដប់ឆ្នាំមកនេះ ភាគច្រើនឈុតដែល ឱក សុគន្ធកញ្ញា ពាក់ចូលរួមកម្មវិធី និង ឡើងច្រៀង ជាសម្លៀកបំពាក់មានឌិនភ្លឺរលោងចែងចាំងទាំងតួខ្លួន។ ឈុតបែបនេះមើលមកលេចធ្លោ និង ទាក់ទាញខ្លាំងក្រោមភ្លើងពណ៌នាពេលរាត្រី។
៤. ហ្វេហ្សិន Futuristic
មួយរយៈក្រោយ ស្របនឹងទំនោរនិយមហ្វេហ្សិនបែប Futuristic ឬ អនាគតនិយម មានការពេញនិយម ឱក សុគន្ធកញ្ញា ក៏បានប្រើជាស្ទីលលេងខ្លួនប្លែកៗ ក្លាយជាអត្តសញ្ញាណរបស់នាងផងដែរ។ ម្យ៉ាងស្ទីលនេះមើលមកស័ក្តិសមបំផុតជាមួយមុខមាត់ និង អត្តចរិតរបស់នាង។
៥. សំពត់ MINI
តាំងពីដើមឡើយ អាចថាជាចំណូលចិត្តរបស់ ឱក សុគន្ធកញ្ញា ដែលនាងចូលចិត្តប្រើសំពត់ខ្លីឬសំពត់មីនី តឺនុយជាមួយអាវយឺតដៃខ្លីឬដៃវែង ជួនមានបន្ថែមអាវក្រៅពីលើផងដែរ។
៦. ពណ៌ខ្មៅ
បើហ្វេនៗមិនចង់គិតច្រើន អាចប្រើត្រឹមពណ៌ខ្មៅក៏ជាការស្រេច ដោយសារតែ ឱក សុគន្ធកញ្ញា ចូលចិត្តប្រើបំផុតសម្លៀកបំពាក់ពណ៌ខ្មៅ។
៧. ការផាត់មុខ និង ធ្វើសក់
ចំពោះការផាត់មុខ ក្រែមពណ៌ក្រហមឬពណ៌ nude និង ផាត់ភ្នែកបែប Smokey Eye ជាស្ទាយ៌ដែល ឱក សុគន្ធកញ្ញា ប្រើច្រើនបំផុត។ ចំណែកសក់វិញ នាងសឹងតែមិនចោលឡើយនូវម៉ូដ ចងលើកខ្ពស់ ចងទម្លាក់ពាក់កណ្តាល មូររួញចុង ជាពិសេសលេងម៉ូដសក់ក្រងតែម្តង៕