នារីខ្មែរមិនធម្មតា បញ្ចប់ជំនាញហ្វេហ្សិនពីទីក្រុងឡុងដ៍ទាំងវ័យក្មេង បង្កើតម៉ាកសម្លៀកបំពាក់ប្រណីត រសនិយមបែបនារីភាព និង អេឡេហ្គង់
ស្ថិតក្នុងវ័យ ២៦ ឆ្នាំ Kimbouy Tang ឬ តាំង គឹមបួយ គឺជាស្ថាបនិកានៃម៉ាកសម្លៀកបំពាក់ Kanvas ដែលកំពុងមានប្រជាប្រិយភាព លើទីផ្សារសម្លៀកបំពាក់ស្ទីលបែប នារីភាព និង រ៉ូបរាត្រីសមោសអេឡេហ្គង់នៅកម្ពុជា។
បន្ទាប់ពីបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងហ្វេហ្សិន នៅសាកលវិទ្យាល័យ London College of Fashion នៅប្រទេសអង់គ្លេស តាំង គឹមបួយ បានបង្កើតម៉ាកសម្លៀកបំពាក់ Kanvas នៅកម្ពុជាក្នុងឆ្នាំ ២០១៨ ជាមួយម៉ូដបែបទាន់សម័យត្រូវចិត្តប្រជាជនកម្ពុជា។ នៅក្នុងឆ្នាំ ២០២៣ នាងបានបើកហាងសម្លៀកបំពាក់ដំបូងរបស់ខ្លួន ក្រោមផ្លាកយីហោ The Kanvas និង សម្ពោធ Kanvas Signature ជាម៉ាកផ្តោតលើសម្លៀកបំពាក់ ready-to-wear។
ជំនួញបង្កើតម៉ាកយីហោសម្លៀកបំពាក់ នាងបានទាញការបំផុសគំនិតពីអ្នកបង្កើតម៉ាកល្បីៗមានកេរ្តិ៍ឈ្មោះលំដាប់ពិភពលោកដូចជា Coco Chanel និង Christian Dior។
ជាស្ថាបនិកាវ័យក្មេងប្រកបដោយថាមពល កន្លងទៅថ្មីៗ តាំង គឹមបួយ ត្រូវបានទស្សនាវដ្តីអន្តរជាតិ Prestige ជ្រើសរើសជាបុគ្គលមួយរូប នៅក្នុងកម្មវិធី «Prestige 40 under 40» ផងដែរ។ កម្មវិធីនេះផ្តោតលើបុគ្គល ៤០ នាក់អាយុក្រោម ៤០ ឆ្នាំ ដែលមានសមត្ថភាពខ្ពស់ ស្នាដៃល្អនៅក្នុងអាជីព និង មានឥទ្ធិពលទាំងក្នុងប្រទេស និង បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី។ អាចថាដំណើរជីវិតនៃការបង្កើតជំនួញរបស់នាង ក៏ជាផ្នែកមួយជំរុញទឹកចិត្តដល់អ្នកចង់ចាប់ផ្តើមអាជីវកម្មវ័យក្មេង ក៏ដូចជាលើកកម្ពស់វិស័យម៉ាកហ្វេហ្សិននៅកម្ពុជាផងដែរ៕