ហ្វេហ្សិនខ្លាំង ដាដាវ លេងខ្លួនដូចតុក្កតាជប៉ុន ចូលរួមកម្មវិធីដើរម៉ូដធំមួយនៅក្រៅប្រទេស
ឱ្យតែចូលរួមកម្មវិធីម្តងៗ ដា ដាវ លេងខ្លួនមិនដែលច្រឡំគេឡើយ។ បើចូលរួមកម្មវិធីហ្វេហ្សិនទៀតនោះ នាងតែងជ្រើសរើសស្ទីលណាមួយ ដែលមើលមកលេចធ្លោ ឬអាចនិយាយបានថាឈ្នះគេតែម្តង។ ថ្មីៗនេះ ដា ដាវ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាថ្មី ដោយនាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាការលេងខ្លួនចូលរួមកម្មវិធីហ្វេហ្សិនដ៏ធំមួយនៅប្រទេសថៃ។
តាមការបង្ហោះរបស់នាង កម្មវិធីដែលនាងចូលរួមមានឈ្មោះថា BIFW 2024 ឬ Bangkok International Fashion Week 2024 ។ កម្មវិធីនេះជាព្រឹត្តិការណ៍បង្ហាញខូឡិកហ្សិនសម្លៀកបំពាក់ ដែលប្រជុំទៅដោយម៉ាកយីហោក្នុងស្រុកល្បីៗ ធ្វើឡើងចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៦ ខែតុលានេះ។
ជាតារាមួយរូបពីកម្ពុជា ដា ដាវ លេងខ្លួនមិនឱ្យចាញ់គេឡើយ។ នាងតែងខ្លួនជាមួយអាវម៉ូដបែបបំពង់ មានចោះជាប្រហោង ៣ ធំៗ ពាក់ជាមួយសំពត់បះខ្លី លេងស្រោមបារពណ៌ខ្មៅ ស្បែកជើងកែងពណ៌ខ្មៅ និង ប្រើគ្រឿងលម្អមានស្រោមដៃរលុង អមនឹងកាន់កាបូបពណ៌ខ្មៅផងដែរ។
ថែមការលេងខ្លួនកាន់តែហ្វេហ្សិនស៊ីគ្នា នាងបានតុបតែងមុខយកស្រមោលភ្នែកខ្មៅដិត និង លាបក្រែមពណ៌ក្រមៅដិតផងដែរ។ ជាពិសេស ម៉ូដសក់ខ្លីត្រឹមស្លឹកត្រចៀក ពិតជាឡូយប្លែកដូចជាតួអង្គតុក្កតាជប៉ុន។
បើតាមការដាក់ Hashtag នៅលើសម្លៀកបំពាក់ ឈុតដែលនាងពាក់គឺមកពីម៉ាក FLYNOW ជាម៉ាកសម្លៀកបំពាក់ដ៏ល្បីរបស់ថៃ៕