បើបា/ក់ទឹកចិត្ត យកម៉ូឌែលរូបនេះជាគំរូ ពីមនុស្សពិការក្លាយជាម៉ូឌែលល្បី ធ្វើ BA សុទ្ធតែម៉ាកប្រ៊េនលំដាប់អន្តរជាតិ
ត្រឹមជាមនុស្សម្នាក់មានកាយសម្បទាមិនប្រក្រតី អង្គុយតែលើរទេះ នាងបានក្លាយជាមនុស្សមានឥទ្ធពលនៅលើបណ្តាញសង្គម ជាអ្នកតស៊ូមតិ និង ជាតារាម៉ូឌែលដ៏ល្បីឈ្មោះ ដែលផ្សព្វផ្សាយឱ្យម៉ាកយីហោប្រណីតៗនៅក្នុងឧស្សាហកម្មហ្វេហ្សិន។ ហេតុអ្វីនាងអាចឈានមកដល់ចំណុចនេះ?
Aaron Rose Phillip មានអាយុ ២៣ ឆ្នាំ នាងជាម៉ូឌែលពិការភាព Antiguan-អាមេរិក ដែលត្រួសត្រាយផ្លូវសម្រាប់អនាគតបុគ្គលគ្រប់ប្រភេទ និង សហគមន៍គ្រប់ផ្នែក។ រាប់តាំងពីក្លាយជាតារាផ្សព្វផ្សាយឱ្យម៉ាកហ្វេហ្សិនល្បីៗដូចជា Moschino និង Sephora ក៏ដូចជាលេចមុខនៅក្នុងការដើរម៉ូដបែបឌីជីថលរបស់ម៉ាក Collina Strada ក្នុងព្រឹត្តិការណ៍ New York Fashion Week នាង Aaron គឺជាម៉ូឌែលប្តូរភេទពិការភាពស្បែកខ្មៅដំបូងគេ ដែលបានតំណាងឱ្យភ្នាក់ងារធំៗជាសកល។
ត្រលប់ទៅឆ្នាំ ២០១៦ ស្ថិតក្នុងវ័យជំទង់ អាយុ ១៤ ឆ្នាំ Aaron បាននិពន្ធសៀវភៅកត់ត្រាមួយចំណងជើង This Kid Can Fly ស្តីពីសមត្ថភាព (មិនមែនពិការភាព) ដែលលម្អិតអំពីបទពិសោធរបស់នាង ធំឡើងជាមួយបញ្ហាពិការខួរក្បាលម្យ៉ាង ហៅថា cerebral palsy។ សៀវភៅនេះ នាងសរសេររួមគ្នាជាមួយអ្នកនិពន្ធស្រីជនជាតិអាមេរិក Tanya Bolden និង បោះពុម្ពដោយក្រុមហ៊ុន HarperCollins។ កាលសិក្សានៅវិទ្យាល័យ នាងមានបំណងចង់ចាប់អាជីពជាតារាបង្ហាញម៉ូដ។ នាងបានស្រាវជ្រាវនៅលើបណ្តាញសង្គម បន្ទាប់មកក៏ឃើញថា នៅក្នុងឧស្សាហកម្មហ្វេហ្សិន មានកង្វះនូវអ្នកតំណាងជាបុរសប្តូរភេទស្បែកខ្មៅ ហើយនាងក៏សម្រេចចិត្តចាប់ផ្តើមធ្វើវាពីពេលនោះ ថ្វីបើខ្លួនមិនមានរាងកាយស្រស់ស្អាត និង ប្រក្រតីដូចអ្នកដទៃ។
Aaron នាងបានធ្វើការយ៉ាងសកម្មដើម្បីឆ្ពោះទៅក្នុងឧស្សាហកម្មហ្វេហ្សិន។ នាងបានចាប់ផ្តើមពីការនិពន្ធអត្ថបទ រហូតបានចុះផ្សាយនៅលើទស្សនាវដ្តីជាច្រើនដូចជា W, i-D, Dazed, ELLE, Allure និង Paper ក៏ដូចជាសារព័ត៌មាន Refinery29 និង Now This ជាដើម។ នៅក្នុងឆ្នាំ ២០១៨ កាសែត The New York Times បានចុះផ្សាយពីនាង ដែលលើកឡើងថា នាងជាមុខសញ្ញានៃឧស្សាហកម្មចម្រុះ។ លើសពីនេះ នាងក៏ត្រូវបានទស្សនាវដ្តី Vogue ហៅថត និង សម្ភាសពិភាក្សាអំពីកង្វះនៃម៉ូឌែលពិការភាពផងដែរ។
មិនចាញ់ម៉ូឌែលល្បីៗ Aaron នាងបានបង្ហាញមុខលើក្របទស្សនាវដ្តី Paper សម្រាប់លេខផ្សាយចំណងជើង «Pride» ដែលត្រូវបានសម្ភាស ដោយកំពូលតារាបង្ហាញម៉ូដ Naomi Campbell។ នាងបានលេចមុខលើក្របទស្សនាវដ្តី S Moda និង ទស្សនាវដ្តី INDIE និង ថតម៉ូដឱ្យអាមេរិកសម្រាប់ទស្សនាវដ្តី Vogue, British Vogue និង Vogue Italia រួមទាំងលេចមុខក្នុងយុទ្ធនាការផ្សព្វផ្សាយម៉ាកមួយចំនួនទៀតដូចជា៖ Dove, Sephora, Outdoor voices និង Nike។ ក្រៅពីនេះ នាងក៏ធ្លាប់លេចមុខក្នុងបទចម្រៀងរបស់ Miley Cyrus ចំណងជើង Mother’s Daughter ផងដែរ។
នៅក្នុងឆ្នាំ ២០២១ Aaron បានបង្កើតប្រវត្តិសាស្ត្រជាម៉ូឌែលពិការភាព ប្រើរទេះដើរនៅលើវិថីបង្ហាញម៉ូដឱ្យម៉ាក Moschino ក្នុងព្រឹត្តិការណ៍ New York Fashion Week។ នៅឆ្នាំ ២០២៣ នាងបានក្លាយជាតារាក្របមុខទស្សនាវដ្តី British Vogue ប្រចាំខែឧសភា និង បង្ហាញខ្លួនក្នុងការតាំងពិព័រណ៍ Women Dressing Women ក្នុងនាមជាអ្នកសហការចេញម៉ូដជាមួយម៉ាកហ្វេហ្សិនកំពុងល្បី Collina Strada។ ថ្មីៗចុងក្រោយនេះ នាងក៏បង្ហាញខ្លួននៅក្នុងកម្មវិធី Victoria’s Secret ផងដែរ។
ជារួមមក សម្រាប់ Aaron ការពិការភាពមិនមែនជាឧបសគ្គសម្រាប់នាងឡើយ។ នាងមានមហិច្ឆតា មានក្តីស្រមៃ និង រក្សាគោលជំហរច្បាស់លាស់រហូតទាល់តែសម្រេចគោល។ ចំណែកពិការភាពពិតប្រាកដវិញ គឺជាការដែលមិនមានឬមិនធ្វើអ្វីដែលបានលើកឡើងអម្បាញ់មិញនេះ៕