ហ្វេហ្សិនកប់! អ្នកច្នៃម៉ូដសង្ហា ឈិន ថង បង្កើតម៉ាកគ្រឿងអលង្ការស្ទីលទំនើប ម៉ូដពាក់បានគ្រប់វ័យ គ្រប់ភេទ និង គ្រប់ជាតិសាសន៍
ជឿជាក់ថាមួយចំនួនធំនៃអ្នកស្នេហាគ្រឿងអលង្ការប្រណីត ប្រាកដជាស្គាល់នូវកំលោះសង្ហា ឈិន ថង ដែលលោកគឺជានាយកប្រតិបត្តិ និង ជាអ្នកច្នៃម៉ូដគ្រឿងអលង្ការប្រណីតនៅហាងមាសពេជ្រដ៏ល្បីឈ្មោះនៅទីក្រុងភ្នំពេញគឺ Jin Hoc Jewelry ។ ក្រៅពីជំនាញច្នៃម៉ូដ លោកក៏មានជំនាញខាងមើលពេជ្រ និង ត្បូងផងដែរ។ ដោយមានមហិច្ឆតា និង ស្រលាញ់គ្រឿងអលង្ការតាំងតែពីតូច ម្យ៉ាងជាមនុស្សហ្វេហ្សិននិយមផងនោះ កន្លងទៅថ្មីៗនេះ លោកបានបង្កើតម៉ាកគ្រឿងអលង្ការផ្ទាល់ខ្លួនមួយ ដោយផ្តោតទៅលើម៉ូដបែបហ្វេហ្សិន រសនិយមសម្រាប់យុវវ័យសម័យទំនើប។
ជាស្ថាបនិកនៃម៉ាកយីហោ លោក ឈិន ថង បានប្រើឈ្មោះរបស់លោកជាអក្សរឡាតាំង «CHHIN» ធ្វើជាម៉ាកតែម្តង។ រៀបរាប់មកកាន់ «ប្រជាប្រិយ» លោកបានឱ្យដឹងថា ក្តីស្រលាញ់របស់លោកចំពោះគ្រឿងអលង្ការមានពេញមួយជីវិត និង ជាងម្លៃឆ្នាំមកហើយនៅក្នុងឧស្សាហកម្មនេះ។ លោកបានបង្វែរចំណង់ចំណូលចិត្តទៅជាអាជីព ជាក់ស្តែង ជាមួយទំនោរអារម្មណ៍ទៅលើការច្នៃម៉ូដគ្រឿងអលង្ការ វាបានរុញច្រានឱ្យលោកបង្កើត CHHIN Jewelry នេះ ដែលជាម៉ាកយីហោឆ្លុះបញ្ចាំងពីការលះបង់ទៅលើវាពេញមួយជីវិតរបស់លោក។
ស្ទាយ៌របស់ CHHIN Jewelry ត្រូវបានបរិយាយតាមរយៈពាក្យខ្លី ៣ យ៉ាងគឺ អេឡេហ្គង់, ឥតខ្ចោះ និង ទំនោរ fashion-forward។ ស្ថាបនិកវ័យ ២៩ ឆ្នាំរូបនេះបានឱ្យដឹងទៀតថា៖ «គ្រឿងអលង្ការនេះ យើងតម្រង់គោលដៅមនុស្សគ្រប់វ័យ ជាពិសេស យុវវ័យដែលស្វែងរកដើម្បីលើកកម្ពស់ស្ទីលរបស់ពួកគេ។ ម៉ាកយីហោរបស់យើងគឺជាការរួមបញ្ចូលគ្នារវាង ការឌីហ្សាញសម្រាប់មនុស្សគ្រប់ភេទ គ្រប់ជាតិសាសន៍ និង ការប្រាកដថាគ្រប់គ្នាអាចរីករាយលេងខ្លួនជាមួយគ្រឿងអលង្ការរបស់យើងប្រចាំថ្ងៃ និង គ្រប់ទីកន្លែង។
ម៉ូដមើលមកពិតជាឡូយ ហ្វេហ្សិនបែបទំនើប រីឯការផលិតក៏ធ្វើឡើងយកចិត្តទុកដាក់បំផុតផងដែរ។ គ្រឿងដូចជា ខ្សែក ខ្សែដៃ និង ចិញ្ចៀន…ជាដើម ត្រូវបានធ្វើឡើងពីប្រាក់សុទ្ធ លាយជាមួយវត្ថុធាតុផ្សេងៗដើម្បីធានាគុណភាពប្រើបានយូរ។ ស្ថាបនិករូបនេះថាការប្រើប្រាក់តែឯង វាអាចទន់ខ្លាំង ដូច្នេះលោកសម្រេចចិត្តលាយបញ្ចូលគ្នា ដើម្បីប្រាកដភាពជាប់បានយូរ មិនបាត់បង់ភាពភ្លឺរលោង និង គុណភាពល្អ។
គ្រប់គ្រឿងអលង្ការពី CHHIN Jewelry រមែងតែភ្ជាប់មកជាមួយអត្ថន័យ និង រឿងរ៉ាវនៅពីក្រោយ។ ហេតុដូចនេះ កាលណាបានបំពាក់លម្អនៅលើកាយ វានឹងបន្ថែមនូវមន្តស្នេហ៍ទាក់ទាញ ទន្ទឹមគ្នានឹងទំនើបភាព។ «គ្រឿងអលង្ការរបស់យើង មិនគ្រាន់តែជាគ្រឿងលម្អប៉ុណ្ណោះទេ តែវានឹងបង្កើនសម្រស់របស់អ្នកទាំងស្រុង»។ លោក ឈិន ថង លើកឡើង។
សម្រាប់ឆ្នាំ ២០២៤ នេះ ស្ថាបនិក ឈិន ថង មានបំណងពង្រីកម៉ាករបស់ខ្លួនទំាងក្នុងស្រុក និង អន្តរជាតិ ដើម្បីបង្ហាញពីសិល្បៈហត្ថកម្មកម្ពុជាទៅកាន់ពិភពលោក។ លោកនឹងនាំទៅកាន់ទីផ្សារថ្មីៗ ឱ្យមនុស្សគ្រប់គ្នាបានទទួលយកបទពិសោធជាមួយសម្រស់ និង គុណភាព តាមរយៈម៉ាកមួយនេះ។
គួរឱ្យដឹងដែរថា លោក ឈិន ថង បានបញ្ចប់ការសិក្សាពីបរទេស នៅសាលាឯកទេសគ្រឿងត្បូងដ៏ល្បីឈ្មោះ Geological Institute of America (GIA) ទៅលើជំនាញ ៤ ផ្សេងគ្នាគឺ ឯកទេសផ្នែកត្បូង ឯកទេសផ្នែកពេជ្រ ឯកទេសផ្នែកមើលទឹកត្បូង និង ឯកទេសផ្នែកច្នៃម៉ូដគ្រឿងអលង្ការ។ មិនតែប៉ុណ្ណោះលោកក៏បានបញ្ចប់ការសិក្សាវគ្គខ្លីមួយចំនួនទៀត ទាក់ទងនឹងការច្នៃម៉ូដគ្រឿងអលង្ការនៅប្រទេសសិង្ហបុរីផងដែរ៕