ហ្វេហ្សិននៅតែហឹរ! ឱក សុគន្ធកញ្ញា ឡើងឆាកលើកនេះ ស្ទីលថ្មីតែរក្សារសជាតិចាស់ អ្នកគាំទ្រពេញចិត្តស្តូក
កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ការប្រគំតន្ត្រីទោលរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលធ្វើឡើងនៅខេត្តបាត់ដំបង បានធ្វើឱ្យអ្នកទស្សនារាប់ពាន់អ្នកទទួលបានបទពិសោធដ៏អស្ចារ្យ ជាមួយឆាកតន្ត្រីដ៏ធំសម្បើម ជាពិសេស មានការបាច់កាំជ្រួចធ្វើឱ្យកក្រើកតែម្តង។ ក្រឡេកមកស្ទីលហ្វេហ្សិនសម្រាប់ការប្រគំតន្ត្រីទោលលើកទីពីរនេះវិញ ឃើញថាស្ទីលរបស់នាងនៅតែរក្សារសជាតិដើម តែក៏បាននាំយករូបភាពបែបថ្មី ធ្វើឱ្យអ្នកគាំទ្រប្លែកភ្នែកផងដែរ។
១. ឈុតរ៉ូបវែង
ស្ទីលមិនឆ្ងាយខ្លាំងពីការប្រគំតន្ត្រីទោលលើកទី ១ សម្រាប់ឈុតរ៉ូប នាងប្រើរ៉ូបបែបដាំត្បូងលម្អិតស្រោចពេញតួខ្លួន គ្រាន់តែលើកនេះរ៉ូបមានលក្ខណៈវែងដល់ចុងជើង ខណៈដែលលើកមុនត្រឹមជារ៉ូបខ្លី និង ប្រើអង្កាំជាខ្សែសរសៃវែងៗ។ ចំណែកការលេងម៉ូដស្មាលើកខ្ពស់ មើលមករឹងមាំ ក៏មិនខុសគ្នាប៉ុន្មានដែរ។
២. ស្ទីលតន្ត្រីរ៉ុក
ក្រឡេកមកឈុតបែបតន្ត្រីរ៉ុកវិញ នាងមិនចោលឡើយនូវសម្លៀកបំពាក់មើលមកកោងកាច និង មានថាពល ដោយប្រើគ្រឿងលម្អជាដែក ខ្សែរណែងរណោង ជាពិសេស ប្រើពណ៌ខ្មៅជាពណ៌គោលតែម្តង។
ដោយឡែកឈុតមានរូបផ្កាយ ពីមុនប្រើឈុតពណ៌ខ្មៅរំលេចផ្កាយពណ៌ផ្កាឈូក ដល់លើកនេះ មួយតួខ្លួនគឺពណ៌ផ្កាឈូក និង មានភ្លឺផ្លេក។
៣. ឈុតសហសម័យ
ផ្ទុយពីលើកមុនដែលប្រើជាអាវធំមានរំលេចគំនូរទីកន្លែងសំខាន់ៗនៅទីក្រុងភ្នំពេញ ឈុតសហសម័យលើកនេះនាងស្លៀកជារ៉ូបខ្លីធ្វើពីហូលផាមួងខ្មែរ និង មានស្បៃទម្លាក់ទៅក្រោយ ទម្រង់ម៉ូដបែបស្បៃធំ។
៤. ឈុត Queen
ជាមួយឈុតបែប Queen ពីមុនលេងពណ៌ប្រាក់ភ្លឺរលោង និង ម៉ូដមើលមកច្នៃប្រតិដ្ឋបែបអនាគតកាល ចំណែកលើកនេះនាងផ្តោតប្រើពណ៌មាស មើលមកខ្ពង់ខ្ពស់លាយឡំនារីភាព ជាពិសេស លេងម៉ូដចងភ្ជាប់សំពត់ក្រោយសំពោងធំៗលេចធ្លោសមជា Queen ពិតៗ។
ចំណែកឈុតមួយទៀតដែលស្រដៀងគ្នាស្ទើរតែទាំងស្រុងនោះ គឺឈុតរ៉ូបខ្លីលេងម៉ូដរំយោលសរសៃៗទាំងស្រោមដៃ និង ចុងរ៉ូប៕