ដើរលេងចុងឆ្នាំមិនដឹងស្លៀកអី តស់! មកដឹងគន្លឹះងាយៗ ធ្វើខ្លួនចេញមកដឹងតែឡូយ ថតរូបស្អាតត្រូវគ្រប់ប្លង់
ចុងឆ្នាំគឺជាពេលវេលាដ៏រំភើបរីករាយក្នុងការធ្វើដំណើរកម្សាន្តទៅកាន់កន្លែងនានា។ អមនឹងដំណើរកម្សាន្ត យើងគ្រប់គ្នាតែងចង់បានមកវិញទាំងរូបភាព និង ភាពសប្បាយរីករាយ ហេតុដូច្នេះការត្រៀមខ្លួនរួចជាស្រេចជាមួយការស្លៀកពាក់តុបតែងខ្លួន គឺជារឿងដ៏ចំបាច់មួយដែលពុំគួរខកខាន។ នៅក្នុងអត្ថបទនេះយើងនឹងលើកយកគន្លឹះក្នុងការស្លៀកពាក់សម្រាប់ដំណើរកម្សាន្ត ដែលនឹងទទួលបានទាំងទំនុកចិត្ត និង ស្ទីលលេងខ្លួនឡូយឆាយមើលមកហ្វេហ្សិនបំផុត។
១. ត្រៀមសម្លៀកបំពាក់ ៣ ពណ៌
ប្រសិនបើអ្នកមិនចង់ចំណាយថវិកាច្រើន មិនចង់គិតស្មុគស្មាញច្រើន អ្នកអាចត្រៀមសម្លៀកបំពាក់ចំនួន៣ ពណ៌ដែលអាចពាក់ចូលគ្នាបាន ដើម្បីបង្កើតជាស្ទាយ៌ខុសៗគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ឬពីឱកាសមួយទៅឱកាសមួយ។ ការជ្រើសរើសពណ៌ក៏អាស្រ័យទៅតាមកន្លែងដែលត្រូវទៅផងដែរ ឧទាហរណ៍ បើទៅកន្លែងបែបទីក្រុង អ្នកអាចត្រៀមសម្លៀកបំពាក់ពណ៌ខ្មៅឬក្រមៅ ពណ៌ស និង ពណ៌ទឹកប៊ិក។ បើទៅកម្សាន្តលើឆ្នេរខ្សាច់អាចប្រើពណ៌គគីរ ពណ៌ស និង ពណ៌លាយពណ៌សស្រាលដូចជា ពណ៌ទឹកក្រូច និង ពណ៌លឿងជាដើម។
២. ស្បែកជើង ៣ គូ
ជឿជាក់ថាស្ត្រីភាគច្រើននឹងមិនចង់យកស្បែកជើងទៅតាមខ្លួនច្រើនជាង ៣ គូនោះទេ ដូចនេះ ៣ គូដែលចាំបាច់ ៣ គូដែលត្រៀមគ្រប់ស្ថានភាពមានដូចជា៖ ១ ស្បែកជើងហាត់ប្រាណ Sneakers ឬស្បែកជើងប៉ាតា វាផ្តល់ផាសុកភាពសម្រាប់ការធ្វើដំណើរនៅពេលថ្ងៃ ម្យ៉ាងវាក៏មើលមកហ្វេហ្សិនមួយបែបផងដែរ, ២ ស្បែកជើងកវែង(កវែងត្រឹមពាក់កណ្តាលស្មងជើង) ឬស្បែកជើងសង្រែកសម្រាប់ពេលល្ងាច និង មួយទៀតស្បែកជើងកែងបើចាំបាច់។ ការត្រៀមស្បែកជើង គួរជ្រើសរើសស្បែកជើងដែលអាចប្រើក្នុងគោលបំណងច្រើនយ៉ាង ជាជាងព្យាយាមយកទៅច្រើនគូតម្រូវគ្រប់ឱកាសឬគ្រប់ថ្ងៃ។
៣. ឈុតកីឡាសម្រាប់ការហោះហើរ
អ្នកចូលចិត្តលេងខ្លួនពេលធ្វើដំណើរតាមយន្តហោះ អាចសាកល្បងជាមួយឈុតបែបកីឡា។ បច្ចុប្បន្នឈុតកីឡាកំពុងមានការពេញនិយមខ្លាំង ជាពិសេសនៅក្នុងពិភពហ្វេហ្សិនតែម្តង។ មែនទែនទៅការលេងខ្លួនជាមួយឈុតកីឡាមិនត្រឹមតែមើលមកឡូយប៉ុណ្ណោះទេ វាថែមទាំងផ្តល់ផាសុកភាពពេលធ្វើដំណើរវែងឆ្ងាយផងដែរ។ ដូចជាការស្លៀកខោស្វិតជាមួយអាវរលុង និង មានអាវធំគ្របពីលើជាដើម។
៤. គ្រឿងលម្អ
អ្នកអាចគិតថាគ្រឿងលម្អដូចជា ខ្សែក ក្រវិល កងដៃ និង ចិញ្ចៀន មិនសូវជាសំខាន់ តែតាមពិតគ្រឿងទាំងនេះហើយដែលនឹងធ្វើឱ្យការស្លៀកពាក់ផ្លាស់ប្តូរទាំងស្រុង ដែលសំខាន់វានឹងបង្កើនស្ទីលលេងខ្លួនកាន់តែមានថាមពល។ គួរសាកល្បងលេងក្រវិលធំៗ ខ្សែកធំៗ និង ជ្រើសរើសពណ៌ណាមើលទៅលេចធ្លោ។
៥. ត្រៀមរ៉ូប ១ ឈុត
ប្រសិនបើក្នុងគម្រោងដំណើរកម្សាន្តរបស់អ្នកមានការចូលរួមកម្មវិធីនាពេលរាត្រី អ្នកមិនចាំបាច់ត្រៀមរ៉ូបធំនាំតែធ្ងន់វ៉ាលិសនោះទេ អ្នកអាចបត់បែនដោយគ្រាន់តែត្រៀមរ៉ូបរឹបរាងសាច់យឺតឬសាច់រលោងស្រាលជាមួយស្បែកជើងកែងមួយគូ ព្រមនឹងក្រវិលម៉ូដធំមួយគូជាការស្រេច។
តាមរយៈគន្លឹះរៀបរាប់ខាងលើ សង្ឃឹមថាប្រិយមិត្តដែលកំពុងគម្រោងធ្វើដំណើរកម្សាន្តនៅចុងឆ្នាំនេះនឹងទទួលបានគំនិតបន្ថែមទៀតសម្រាប់ការរៀបចំខ្លួន។ លើសពីការស្លៀកពាក់ មុនពេលចេញដំណើរយើងសូមផ្តល់ដំបូន្មាន គួរថែរក្សាសម្រស់ និង សុខភាពឱ្យបានល្អ ហើយរាល់អ្វីៗដែលស្ថិតក្នុងគម្រោងគួរគប្បីរៀបចំឱ្យរួចរាល់។ ជូនពរប្រិយមិត្តទាំងអស់គ្នាធ្វើដំណើរកម្សាន្តប្រកបដោយភាពរីករាយ!!!៕