មានមន្តស្នេហ៍ខ្លាំង! ម៉ូដខោអាវថ្មីនេះ បុរសៗនឹងហ៊ានលេងខ្លួនពណ៌ស្រាលស្រទន់របស់មនុស្សស្រីឡើងវិញ
សព្វមួយដងពណ៌ Pastel ឬពណ៌ស្រាលស្រទន់ជារសជាតិបែបនារីភាព ច្រើនតែជាការនិយមរបស់មនុស្សស្រី តែឥលូវនេះបុរសនឹងក្លាហានលេងខ្លួនស្លៀកពាក់ពណ៌នេះឡើងវិញ ដោយហេតុអ្នកច្នៃម៉ូដប្រចាំម៉ាក Drewe Taylor បានបញ្ចេញខូឡិកហ្សិនថ្មី នាំយកទំនោរពណ៌ស្រាលៗ លាយឡំម៉ូដដ៏ទាក់ទាញ សម្រាប់បុរសស្លៀកពាក់នារដូវរងា។
ជាក់ស្តែង តាមរយៈកម្មវិធីបង្ហាញម៉ូដ Phnom Penh Designers Week ម៉ាក Drewe Taylor បានបញ្ចេញខូឡិកហ្សិនបុរសសម្រាប់រដូវកាល F/W 2024-25 ជាច្រើនឈុត។ ឃើញថាម៉ាកនេះបានផ្តោតប្រើពណ៌ Pastel ដូចជា ពណ៌ផ្កាឈូក ពណ៌ផ្ទៃមេឃ និង ពណ៌កាប់ស្តាំង។ ពីមួយឈុតទៅមួយឈុត ម៉ូដមានលក្ខណៈហ្វេហ្សិន និង ស៊ីវិល័យ ដោយ អាវលេងម៉ូដវាលបញ្ចេញសាច់ មានជាប្រភេទ Crop top ខ្លះប្រើក្រណាត់សំណាញ់ ខ្លះសាច់ភ្លឺរលោង ខ្លះទៀតមានលម្អផ្កា និង មានជាអាវក្រៅមើលមកមាំមួន តែបង្កប់ភាពទន់ភ្លន់គួរឱ្យលង់ស្នេហ៍។ ចំពោះខោវិញ ច្រើនចេញជាម៉ូដខោខ្លី និង ខោ Cargo។
សម្រាប់ខូឡិកហ្សិនថ្មីរបស់ម៉ាក Drewe Taylor មានឈ្មោះថា Moonstruck។ ខូឡិកហ្សិនពណ៌ស្រាលស្រទន់នេះ អ្នកច្នៃម៉ូដ លោក Ryan Drewe Taylor ទទួលបានគំនិតពីគំនូរបុរាណជំនាន់ renaissance ដែលលោកបានឃើញរូបកាមទេពពីរជាមួយពណ៌ស្រាល។ លោកថាជាធម្មតាបុរសភ័យខ្លាចចំពោះការប្រើពណ៌ស្រាលស្រទន់ ដូច្នេះលោកចង់ផ្លាស់ប្តូរគំនិតនេះ៕