ស្អាតដូចគំនូរ! នៅកោះពោធិ៍ ខេត្តកែប យប់ឡើងមានផ្លុងតុង មើលឃើញច្បាស់ៗផ្ទាល់ភ្នែក
ស្ថិតនៅចម្ងាយប្រមាណ ១៦០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ថ្វីដ្បិតតែមានភូមិសាស្ត្រតូចពិតមែន តែខេត្តកែបគឺជាតំបន់ដែលមានសក្ដានុពលទេសចរណ៍ខ្លាំងក្លាមិនចាញ់ខេត្តដទៃនោះឡើយ ដោយមានទាំងតំបន់ទេសចរណ៍មាត់ឆ្នេរ តំបន់ទេសចរណ៍ធម្មជាតិ ផ្សារក្ដាមដ៏ធំ និង កន្លែងកម្សាន្តជាច្រើន ទាក់ចិត្តភ្ញៀវទេសចរណ៍ឱ្យចង់ទៅទស្សនាកម្សាន្តមិនចេះជិនណាយ។
ថ្មីៗនេះផងដែរ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានឃើញផេកអ្នកទេសចរ ដៃគូ Explore បានបង្ហោះរូបភាពជាច្រៀនអំពីផ្លុងតុង ដែលកើតមាននៅឯកោះពោធិ៍ ខេត្តកែប ជាកោះដែលមានឆ្នេរ និង ទេសភាពស្រស់ស្អាត ទឹកសមុទ្រថ្លាដូចកញ្ចក់។
តាមរយៈប្រភពខាងលើបានបង្ហាញពីទិដ្ឋភាពថតជាប់ផ្លុងតុងយ៉ាងស្រស់ស្អាតដូចគំនូរ ព្រមទាំងបានបញ្ជាក់ឱ្យដឹងថា សឹងមិនគួរឱ្យជឿ ដែលយប់នោះ ពួកគាត់បានឃើញផ្លុងតុងលើកទី ១ ច្បាស់ៗដូចនេះ នៅកោះពោធិ៍ ខេត្តកែប។
តាមរយៈប្រភពខាងលើ បានឱ្យដឹងថា កោះពោធិ៍ ជាកោះមួយដែលមានឆ្នេរ និងទេសភាពស្រស់ស្អាត រីឯទឹកសមុទ្រវិញថ្លាដូចកញ្ចក់ដែលប្រិយមិត្តអាចស្ទូចត្រី រកក្ដាម និង មើលផ្កាថ្ម តែកោះនេះមិនសូវមានអ្នកស្គាល់ ឬទៅលេងទេ ខណៈទីនោះប្រិយមិត្តអាចបោះតង់បានដោយសុវត្ថិភាព មានទឹកសាបងូត និង បន្ទប់ទឹក ហើយមានប្រជាជនច្រើនគួរសម ដែលរស់នៅលើកោះនេះ ហើយនៅលើកោះក៏មានម្ហូបកម្មង់ គុយទាវ និង កាហ្វេពេលព្រឹករសជាតិបែបអ្នកភូមិផងដែរ៕
ប្រភព ៖ ដៃគូ Explore