ស្ងាត់ៗ តារាជើងចាស់ Au Thanakorn សម្រេចចិត្តបួសជាថ្មី លើកនេះមិនកំណត់ថ្ងៃសឹក
ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់មកហើយនូវតារាប្រុសជើងចាស់ល្បី Au Thanakorn សព្វថ្ងៃនេះមានវ័យ ៥០ ឆ្នាំ ដែលលោកបានលេចមុខនៅក្នុងរឿងភាគល្បីៗរបស់ថៃជាច្រើនមិនដែលដាច់ ធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែស្រឡាញ់ពេញចិត្តនោះ។
ជាតារាប្រុសម្នាក់ដែលមានសមត្ថភាពសម្ដែងខ្ពស់ សម្ដែងរឿងណាតែងផ្ទុះកក្រើករឿងហ្នឹង។ ដោយឡែក នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ តារាប្រុស Au Thanakorn បានសម្រេចចិត្តចូលបួសជាព្រះសង្ឃនៅវត្តមួយកន្លែង ដោយផ្អាកអាជីពជាតារាសម្ដែងមួយរយៈសិន។ ជាមនុស្សម្នាក់ដែលមាននិស្ស័យផ្នែកពុទ្ធចក្រ ដោយនេះជាលើកទី ៣ ហើយដែលតារាប្រុស Au Thanakorn បានបួសជាព្រះសង្ឃ។
ទន្ទឹមនឹងការបួសនាលើកនេះតារាប្រុស Au Thanakorn ពុំបានបញ្ជាក់ពីពេលវេលាសឹកវិញឡើយ ពោលគឺប្រហែលជាត្រូវបួសក្នុងរយៈពេលមួយយូរ។ ដោយឡែក ងាកមកមើលអ្នកគាំទ្រវិញបានចូលបញ្ចេញមតិអនុមោទនាបុណ្យជាមួយនឹងតារាប្រុសរូបនេះព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុក៕