ចែកគ្នាដឹង! ទេវតាឆ្នាំថ្មី ឆ្នាំថោះ ព្រះនាងកិមិរាទេវី គង់លើខ្នងក្របី នឹងយាងមកជម្ពូទ្វីបចំម៉ោង ៤ រសៀល ថ្ងៃទី ១៤ មេសា
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ នឹងឈានចូលមកដល់នៅថ្ងៃសុក្រ ៩ រោចរនោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣ វេលាម៉ោង ១៦ និង ០០ នាទីរសៀល។
ទេវធីតា ដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មីនេះ ជាមគ្គនាយិកាព្រះនាម កិមិរាទេវី (បុត្រទី ៦) គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ សេត (ពណ៌ស) សៀតផ្កាចង្កុលណី (វារីជាតិប្រភេទឈូក) អាភរណៈ បុស្បរាគ័ម (ត្បូងថ្មពណ៌លឿង) ភក្សាហារ ចេកណាំវ៉ា ឬ ចេកទឹក ព្រះហស្តស្ដាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ ពិណ (ចាប៉ី) គង់លើខ្នង មាហឹស: (សត្វក្របី) ជាពាហនៈ។
គួរឱ្យដឹងផងដែរថា ថ្ងៃសុក្រ ៩ រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២៣ ពីវេលាម៉ោង ១៦:០០ នាទីរសៀល ជាថ្ងៃចូលឆ្នាំ។ ថ្ងៃសៅរ៍ ១០ រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២៣ ជាថ្ងៃវ័នបត។ ថ្ងៃអាទិត្យ ១១ រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ ជាថ្ងៃឡើងស័ក គម្រប់ជាសង្ក្រាន្ត ៣ ថ្ងៃ ស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំថោះ បញ្ចស័ក តរៀងទៅ៕
ប្រភព ៖ គណកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ