ល្បីជាថ្មីរឿង «កូនប្រសាស្រី» តែសោកស្តាយតួអង្គម្តាយក្មេក និង ឪពុកក្មេក ទទួលមរណភាពយូរហើយ
រយៈពេលប៉ុន្មានថ្ងៃមកនេះ ខ្សែភាពយន្តភាគទូរទស្សន៍រឿង «កូនប្រសាស្រី» ដែលបានចាក់បញ្ចាំងកាលពីអំឡុងឆ្នាំ ២០០៦ កន្លងទៅ កំពុងផ្ទុះគាំទ្រ និង ទស្សនាជាថ្មី ក្រោយពីអ្នកនិពន្ធអ្នកស្រី ពាន់ ភួងបុប្ឋា បានបង្ហោះសាច់រឿងជាថ្មីនៅលើ Channel Youtube របស់អ្នកស្រី។
ក្នុងនោះ ខ្សែភាពយន្តភាគខាងលើ ត្រូវបានអ្នកទស្សនាជំនាន់មុន និង ជំនាន់ក្រោយផ្ទុះការវែកញែកពីសាច់រឿងជាហូរហែ ដោយលើកឡើងពីជីវិតដ៏កម្សត់របស់តួឯកស្រី នាង សុភា ដែលសម្តែងដោយតារាស្រី នី មុល្លីកា។
ក្រៅពីតួឯកស្រី ក្នុងនោះ ក៏មានតួអង្គសំខាន់ៗផ្សេងទៀត ដែលទទួលបានការចាប់អារម្មណ៍ពីមហាជន ជាពិសេសនោះ គឺតួម្តាយក្មេករបស់ សុភា ដែលសម្តែងដោយអ្នកគ្រូ សំ សុភាព តែម្តង។
ជាការពិត ម្តាយក្មេក និង ឪពុកក្មេករបស់តួឯកស្រីក្នុងរឿង «កូនប្រសាស្រី» នៅជីវិតពិតខាងក្រៅអ្នកទាំង ២ គឺជាស្វាមីភរិយានឹងគ្នាមែន តែជាអកុសល តារាជើងចាស់ទាំង ២ បានលាចាកលោកហើយ ដោយលោកគ្រូ អៀ សុខន ជាស្វាមីបានទទួលមរណភាពកាលពីអំឡុងឆ្នាំ ២០១២ រីឯអ្នកគ្រូ សំ សុភាព ជាភរិយា បានចែកឋាននៅអំឡុងឆ្នាំ ២០១៤៕