ប្លែកមិនធ្លាប់មាន! ព្រឹត្តិការណ៍ដ៏កម្រប្រមូលផ្ដុំ វប្បធម៌ ម្ហូបអាហារ ប្រទេសសមាជិកអាស៊ាននៅទីតាំងតែមួយ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤១ ដែលនេះជាលើកទី ៣ ហើយប្រទេសកូនពៅសមាជិកទី ១០ នេះបានធ្វើជាម្ចាស់ផ្ទះ។ ដើម្បីនាឱកាសដ៏វិសេសវិសាលនេះ សភាយុវជន បានប្រមូលផ្ដុំកម្លាំង រួមគ្នាផ្ដួចផ្ដើមរៀបចំនូវព្រឹត្តិការណ៍ដ៏ធំមួយ នោះគឺ «ភូមិអាស៊ាន»។
តើអ្វីទៅជាភូមិអាស៊ាន?
ភូមិអាស៊ាន គឺជាព្រឹត្តិការណ៍ដែលប្រមូលផ្ដុំទៅដោយវប្បធម៌ចម្រុះ របស់បណ្តាប្រទេសសមាជិកអាស៊ាន។ ព្រឹត្តិការណ៍ដ៏កម្រនេះ នឹងនាំអ្នកទាំងអស់គ្នាឱ្យទទួលបាននូវបទពិសោធប្លែកៗ និង មានឱកាសសិក្សាស្វែងយល់នូវសិល្បៈវប្បធម៌ នៃប្រទេសជាសមាជិកអាស៊ាន។ ក្នុងនោះរួមមាន៖ ការស្លៀកសម្លៀកបំពាក់ប្រពៃណី, ការតាំងបង្ហាញ វត្ថុអនុស្សាវរីយ៍, ការដើរបង្ហាញម៉ូដ, ការលេងល្បែងកម្សាន្ត ជាពិសេសនោះរួមទាំងមានការសម្តែងរបាំប្រពៃណីពីប្រទេសនានាដែលសមាជិកអាស៊ានផងដែរ។
លើសពីនេះទៅទៀត ព្រឹត្តិការណ៍ភូមិអាស៊ាន ក៏មាននូវការប្រគំតន្រ្តីបែបសម័យសប្បាយៗ មានលក់ម្ហូបអាហារ, ភេសជ្ជៈ និង បង្អែមយ៉ាងសម្បូរបែប រួមទាំងមានការតាំងពិព័រណ៍ផលិតផលផ្សេងៗពីប្រទេសសមាជិកអាស៊ាន។
«ភូមិអាស៊ាន» នឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២៥, ២៦, ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នឹងមានទីតាំងស្ថិតនៅសាលកវិទ្យាល័យជាតិគ្រប់គ្រង។
គួរឱ្យដឹងថា ព្រឹត្តិការណ៍ដ៏ពិសេសមួយនេះ ក្រោមកិច្ចសហការពីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ស.ស.យ.ក ខេត្តស្វាយរៀង និង ស្ថានទូតទាំងរបស់សមាជិកអាស៊ានក្នុងប្រទេសកម្ពុជា ៕
អ៊ីចឹងកុំភ្លេចមកលេង Admin ផងហា៎! #មិនជួប មិនបែក…