មើលទៅអាចសាមញ្ញ តែរ៉ូបរៀបការភរិយា James Jirayu មានអត្ថន័យជ្រៅណាស់ បានប៉ាក់ឈ្មោះម្តាយនាងដែលចែកឋានទៅគ្រប់ស្រទាប់ផ្កា
កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ តារាប្រុស James Jirayu បានលាភាពនៅលីវជាស្ថាពរ ដោយបានដឹកដៃកូនក្រមុំក្រៅសិល្បៈចូលរោងការ ក្រោមបរិយាកាសយ៉ាងកក់ក្តៅជាទីបំផុត។
យ៉ាងណាមិញ អ្វីដែលកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្ររំជួលចិត្តទៅទៀតនោះ គឺឈុតរបស់កូនក្រមុំបានបង្កប់នូវរឿងដ៏សែនរំជួលចិត្ត។ ឈុតរបស់ Foam ដែលជាកូនក្រមុំ គឺឈុតរបស់ប្រ៊េន Landmee ដែលបានច្នៃឡើងសម្រាប់ Foam ដោយផ្ទាល់ ក្នុងនោះឈុតនេះត្រូវបានរចនាឡើងជាស្រទាប់ផ្កា ដោយនៅចំកណ្តាលបរិវេណដើមទ្រូងគឺមានបន្តោងខ្សែកដែលជារូបរបស់ Foam និង អ្នកម្តាយដែលបានស្លាប់ទៅ។ លើសពីនេះទៅទៀត ស្រទាប់ផ្កាដែលនៅលើឈុតទាំងអស់ គឺសុទ្ធតែប៉ាក់ពាក្យថា Jiraphon ដែលជាឈ្មោះរបស់អ្នកម្តាយរបស់នាង។
ដោយឡែក មហាជនពិតជារំជួលចិត្តណាស់ ក្រោយពីបានដឹងនូវរឿងរ៉ាវដែលទាក់ទងនឹងឈុតរបស់កូនក្រមុំនេះហើយក៏បានជូនពរឱ្យគូស្វាមីភរិយាទាំងពីររួមរស់ជាមួយគ្នាពោរពេញដោយក្តីសុខរហូតទៅផងដែរ៕
ប្រភព៖ Kapook