ទំនេរនៅផ្ទះចង់បញ្ចេញថ្វីដៃ! តស់សាកបំពងស្លាបមាន់ ៥ យ៉ាងនេះ គ្រឿងផ្សំងាយៗ ធានាឆ្ងាញ់លិឍមាត់
ប្រិយមិត្តមួយចំនួន ប្រហែលធ្លាប់តែញ៉ាំស្លាបមាន់បំពងជ្រលក់ទឹកជ្រលក់ធម្មតា តែតាមពិតទៅវាមានរូបមន្តបំពងមាន់ផ្សេងៗច្រើនណាស់ ដែលអាចឱ្យយើងសាកល្បងធ្វើដោយខ្លួនឯងបានដោយងាយៗ សាកប្តូររស់ជាតិឱ្យប្លែកមាត់ចេញម្តង។ ដូចនេះហើយ «ប្រជាប្រិយ» សូមនាំយកនូវ ៥ រូបមន្តមកជូនប្រិយមិត្ត ៖
១. ស្លាបមាន់បំពងខ្ទឹមម្ទេស
គ្រឿងផ្សំ៖
ស្លាបមាន់, ទឹកប្រេងខ្យង, ម្ទេស ខ្ទឹម និង ម្រេច , ស្ករប៊ីចេង និង ម្សៅស៊ុប។
របៀបធ្វើ៖
១. ប្រឡាក់ស្លាបមាន់ជាមួយគ្រឿង រួចទុកចោលប្រមាណ ៦០ នាទី
២. បំពងម្ទេស និង ខ្ទឹមជាមួយនឹងប្រេងឱ្យឈ្ងុយ រួចស្រង់ទុកឱ្យស្រកប្រេងអស់
៣. បំពងស្លាបមាន់ឱ្យឆ្អិន រួចយកខ្ទឹមដែលបំពងហើយ ព្រមជាមួយនឹងម្រេចរោយពីលើជាការស្រេច
២. ស្លាបមាន់បំពងទឹកត្រី
គ្រឿងផ្សំ៖
ស្លាបមាន់ ៥០០ ក្រាម, ទឹកត្រីពីរស្លាបព្រាបាយ និង ម្រេច។
របៀបធ្វើ៖
១. ប្រឡាក់ស្លាបមាន់ជាមួយនឹងទឹកត្រី និង ម្រេច រួចទុកចោល ១៥ នាទី
២. យកស្លាបមាត់ទៅបំពងក្នុងម៉ាស៊ីន ដោយប្រើសីតុណ្ណភូមិ ១៨០ អង្សារ ប្រមាណ ២៥ ទៅ ៣០ នាទី
៣. ស្លាបមាន់បំពងកូកា
គ្រឿងផ្សំ៖
ស្លាបមាន់ ៥០០ ក្រាម, ម្សៅស៊ុប ២ ស្លាបព្រាបាយ, ម្រេច និង ទឹកក្រូចកូកា
របៀបធ្វើ៖
១. យកមកស្លាបមាន់ប្រឡាក់ជាមួយនឹងម្សៅស៊ុប និង ម្រេច រួចដាក់ចោលនៅក្នុងទូទឹកកក
២. យកស្លាបមាន់ទៅបំពងក្នុងខ្ទះ ពេលឆ្អិនស្រង់ចេញ រួចហើយចាក់ខ្លាញ់ទុកម្តុំ បន្ទាប់មកចាក់កូកាចូលក្នុងខ្ទះ ដាក់មាន់ដែលបំពងហើយចូលវិញ ទុកចោលប្រមាណ ១០ នាទី ជាការស្រច។
៤. ស្លាបមាន់បំពងទឹកត្រីល្ង
គ្រឿងផ្សំ៖
ស្លាបមាន់ ៥០០ ក្រាម, ទឹកត្រី ៣ ស្លាបព្រាបបាយ, ម្រេច, ម្សៅបំពងស្រួយ ៤ ស្លាបព្រាបាយ, ទឹកធម្មតា ៤ ស្លាបព្រាបាយ និង គ្រាប់ល្ងសពីរស្លាបព្រាបាយ
របៀបធ្វើ៖
១. យកស្លាបមាត់ទៅប្រឡាក់ជាមួយទឹកត្រី ម្រេច និង ម្សៅបំពង តាមដោយទឹក និង គ្រាប់ល្ង
២. ដាក់មាន់បំពងក្នុងខ្ទះឱ្យលឿងឈ្ងុយល្អ ពេលឆ្អិនលើកដាក់ចានជាការស្រេច
៥. ស្លាបមាន់បំពងម្ទេសឆ្អើរ
គ្រឿងផ្សំ៖
ស្លាបមាន់ ៥០០ ក្រាម, ម្ទេសឆ្អើរកិនហើយ ១ ស្លាបព្រាបាយ, ទឹកត្រី ៣ ស្លាបព្រាបាយ, ស្កសរ ១ ស្លាបព្រាកាហ្វេ, ម្រេច
, ទឹកធម្មតា ២ ស្លាបព្រាបាយ និង ស្លឹកក្រូចសើច ១០ សន្លឹក។
របៀបធ្វើ៖
១. យកស្លាបមាន់ទៅប្រឡាក់ រួចទុកចោល ៣០ នាទី
២. យកស្លាបមាន់ទៅបំពង នៅពេលឆ្អិនហើយ ស្រង់ឡើងមក រួចបេះស្លឹកក្រូចសើចដាក់បំពងវិញ បន្ទាប់មកទើបស្រង់យកមកដាក់ជាមួយនឹងស្លាបមាន់ជាការស្រេច៕